ដឹកនាំប្រតិភូក្រសួងព័ត៌មានជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥)នៃរដ្ឋសភា 

ចែករំលែក៖

ភ្នំពេញ ៖ ដឹកនាំប្រតិភូក្រសួងព័ត៌មានជួបប្រជុំជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន(គណៈកម្មការទី៥)នៃរដ្ឋសភា ដឹកនាំដោយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ រួមជាមួយអន្តរគណៈកម្មការជំនាញរបស់រដ្ឋសភា រួមមាន លោក កែប ជុតិមា ប្រធានគណៈកម្មការទី៤, លោក ស ចំរុង ប្រធានគណៈកម្មការទី១ និងលោក លោកស្រី អនុប្រធានគណៈកម្មការ និងតំណាងគណៈកម្មការជំនាញផ្សេងៗទៀតបានជួបពិភាក្សាជាមួយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងគណៈប្រតិភូ នាព្រឹកថ្ងៃទី ២៥ ខែ មីនា ឆ្នាំ ២០២៦ នៅវិមានរដ្ឋសភា។

 

ជំនួបពិភាក្សានាពេលនេះធ្វើឡើងដោយ ទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលសម្តេចទាំងទ្វេតែងតែ ជំរុញលើកទឹកចិត្តឱ្យមានកិច្ចសន្ទនាផ្លាស់ប្តូរមតិយោបល់ឱ្យបានផុសផុល រវាងស្ថាប័នរបស់រដ្ឋសភានិងរាជរដ្ឋាភិបាលដើម្បី ឆ្លើយតបនឹងបញ្ហាសំខាន់ៗរបស់ជាតិដែលជាផលប្រយោជន៍រួមរបស់ប្រជាជន។

 

ជំនួបពិភាក្សាធ្វើឡើងក្នុងន័យពិនិត្យមើលវឌ្ឍនភាពការអនុវត្តច្បាប់ និងគោលនយោបាយវិស័យសារព័ត៌មានរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីជំរុញ និងលើកកម្ពស់វិស័យព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តពង្រឹងគុណភាព ប្រសិទ្ធភាពព័ត៌មាន ជាពិសេសយុទ្ធសាស្ត្រផ្សព្វផ្សាយ និងសន្តិសុខព័ត៌មាន។

 

លោក សួស យ៉ារ៉ា បានគូសបញ្ជាក់ថាទោះបីស្ថាប័នមានតួនាទី និងភារកិច្ចខុសគ្នាក៏ដោយ ប៉ុន្តែមានគោលដៅរួមដូចគ្នា គឺការពារអធិបតេយ្យភាព បូរណភាពទឹកដី ស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិ។ អង្គប្រជុំបានបញ្ជាក់អំពីសារៈសំខាន់នៃការសម្របសម្រួល និងការធ្វើការរួមគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងរាជរដ្ឋាភិបាល ក្នុងការបង្កើនប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មាន និងការពារផលប្រយោជន៍ជាតិ ជាពិសេសក្នុងបរិបទនៃបញ្ហាសន្តិសុខ និងការកើនឡើងនៃការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។

 

អង្គប្រជុំក៏បានពិភាក្សាអំពីបញ្ហាព័ត៌មានក្លែងក្លាយ និងហានិភ័យសន្តិសុខតាមប្រព័ន្ធឌីជីថល ដែលកំពុងក្លាយជាបញ្ហាប្រឈមថ្មីសម្រាប់វិស័យព័ត៌មាន និងសន្តិសុខជាតិ។

 

កិច្ចពិភាក្សាក៏បានផ្តល់តម្លៃខ្ពស់ក្នុងការផ្តល់ព័ត៌មានផ្លូវការទាន់ពេលវេលា ការពង្រឹងការផ្សព្វផ្សាយព័ត៌មានផ្លូវការនិងការបង្កើនភាពជឿជាក់របស់សាធារណជនលើប្រភពព័ត៌មានផ្លូវការ គឺជាកត្តាស្នូលសម្រាប់ការថែរក្សាស្ថិរភាពសង្គម។

 

ជាមួយគ្នានេះ អង្គប្រជុំក៏បានឯកភាពថា ការពង្រឹងក្របខណ្ឌច្បាប់ទាំងនេះ គឺមានសារៈសំខាន់ក្នុងការធានាសេរីភាពសារព័ត៌មានប្រកបដោយវិជ្ជាជីវៈ ទំនួលខុសត្រូវ សុចរិតភាព និងសណ្តាប់ធ្នាប់ព័ត៌មាន ស្របតាមបរិបទបច្ចេកវិទ្យាឌីជីថលសម័យថ្មី។

 

ជំនួបពិភាក្សានាឱកាសនេះបានឆ្លុះបញ្ចាំងការលើកកម្ពស់ការពង្រឹងក្របខ័ណ្ឌច្បាប់ ក្នុងវិស័យសារព័ត៌មាន ការធ្វើបរិវដ្តកម្មឌីជីថលដើម្បីឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យាក្នុងប្រព័ន្ធផ្សព្វផ្សាយ លើកកម្ពស់ប្រសិទ្ធភាពនៃការផ្សព្វផ្សាយព័ត៌មានផ្លូវការ សុច្ចរិតភាពព័ត៌មាន ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការពារស្ថិរភាពសង្គម និងផលប្រយោជន៍ជាតិរបស់កម្ពុជា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print