ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះថា ក្នុងពេលដែលតម្លៃប្រេងឥន្ធនៈកំពុងកើនឡើងនៅលើទីផ្សារអន្តរជាតិ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការចាំបាច់មួយចំនួនដើម្បីជួយសម្រាលការចំណាយរបស់ប្រជាពលរដ្ឋ។
លោកអ្នកនាំពាក្យរាជរដ្ឋភិបាល បានបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តតាមដាន ស្ថានភាពប្រេងឥន្ធនៈនៅលើទីផ្សារដោយយកចិត្តទុកដាក់បំផុត ដើម្បីពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការអន្តរាគមន៍បន្ថែមឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។
វិធានការទាំងនោះជារួមមាន៖
ទី១៖ បន្តបញ្ចុះតម្លៃប្រេងចំនួន ៦.៥ សេនដុល្លាក្នុង១លីត្រដែលជាការជួយឧបត្ថម្ភផ្ទាល់របស់រាជរដ្ឋាភិបាលទៅលើតម្លៃប្រេងឥន្ធនៈដើម្បីបន្ធូរបន្ទុកប្រជាពលរដ្ឋ។
ទី២៖ បន្តបញ្ចុះតម្លៃ១សេនដុល្លាបន្ថែមទៀតក្នុង១លីត្រនៅពេលដែលប្រេងសាំងអន្តរជាតិកើនលើសពី៩០ដុល្លាក្នុង១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិកើនលើសពី១០០ ដុល្លាក្នុង១បារ៉ែល។
ទី៣៖ បញ្ចុះពន្ធគយដល់ ០ ពោលគឺរដ្ឋមិនយកពន្ធនាំចូលប្រេងតែម្តង
ទី៤៖ បញ្ចុះអាករបន្ថែមលើប្រេងសាំងនិងប្រេងម៉ាស៊ូតដល់០ (សូន្យ) ដុល្លា និងបញ្ចុះអាករពិសេសលើប្រេងម៉ាស៊ូតពី ៤% ដល់ ០% និងបញ្ចុះអាករលើតម្លៃបន្ថែមប្រេងសាំង និងម៉ាស៊ូតពី១០% មកត្រឹម៤% ប៉ុណ្ណោះ ដោយរាជរដ្ឋាភិបាលជាអ្នកទទួលបន្ទុកជំនួសចំពោះអាករលើតម្លៃបន្ថែមចំនួន ៦% ដែលត្រូវបានកាត់ចេញ។
សូមជម្រាបថា តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម ស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីម៉ោង ០០:០០ (សូន្យ) ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃជូនដំណឹងបន្ទាប់ តម្លៃប្រេងសាំងធម្មតាត្រូវលក់ក្នុងតម្លៃ ៥៤៥០រៀល/លីត្រ និងប្រេងម៉ាស៊ូត ៧១០០រៀល/លីត្រ៕
ដោយ៖តារា










