អន្តរជាតិ៖ ក្រុមសកម្មប្រយុទ្ធហ៊ួទី នៅប្រទេសយេម៉ែន ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ហើយជាក្រុមដែលបានបង្កភាពវឹកវរដល់ពាណិជ្ជកម្ម និងការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហមក្នុងអំឡុងសង្គ្រាមហ្កាហ្សាកាលពីពេលកន្លងទៅ បានប្រកាសថា ខ្លួនត្រៀមរួចជាស្រេចក្នុងការវាយប្រហារលើផ្លូវទឹកដ៏សំខាន់នេះជាថ្មីម្តងទៀត ដើម្បីបង្ហាញសាមគ្គីភាពជាមួយទីក្រុងតេអេរ៉ង់។ នេះបើតាមការបញ្ជាក់របស់មេដឹកនាំមួយរូបក្នុងក្រុមហ៊ួទីប្រាប់ទៅកាន់សារព័ត៌មានរ៉យទ័រ នៅក្នុងជំហានមួយដែលអាចនឹងធ្វើឱ្យវិបត្តិប្រេង និងសេដ្ឋកិច្ចពិភពលោកកាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារតែសង្គ្រាមនៅមជ្ឈិមបូព៌ា។
ប្រសិនបើក្រុមហ៊ួទីបើកសមរភូមិថ្មីនៅក្នុងជម្លោះនេះ គោលដៅច្បាស់ក្រឡែតមួយគឺច្រកសមុទ្រ Bab al-Mandab នៅឆ្នេរសមុទ្រយេម៉ែន ដែលជាចំណុចយុទ្ធសាស្រ្តនៃការដឹកជញ្ជូន និងជាផ្លូវទឹកដ៏តូចចង្អៀតសម្រាប់គ្រប់គ្រងចរាចរណ៍តាមសមុទ្រឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ បន្ទាប់ពីអ៊ីរ៉ង់បានបិទច្រកសមុទ្រហ័រមូសដ៏សំខាន់រួចមក។
សម្ព័ន្ធមិត្តស៊ីអ៊ីត របស់អ៊ីរ៉ង់នៅលីបង់ និងអ៊ីរ៉ាក់ បានចូលរួមសង្គ្រាមក្នុងតំបន់រួចទៅហើយ ប៉ុន្តែក្រុមឧទ្ទាមហ៊ួទីនៅយេម៉ែនមួយនេះ ដែលមានអាវុធទំនើបៗ និងមានសមត្ថភាពវាយប្រហារប្រទេសជិតខាងក្នុងតំបន់ឈូងសមុទ្រ ក៏ដូចជាបង្កការរំខានយ៉ាងខ្លាំងដល់នាវាចរណ៍ជុំវិញឧបទ្វីបអារ៉ាប់ មិនទាន់បានឈានជើងចូលសមរភូមិនេះនៅឡើយទេ។
មេដឹកនាំហ៊ួទីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានលើកឡើងថា៖ ក្រុមនេះត្រៀមលក្ខណៈរួចជាស្រេចផ្នែកយោធាជាមួយរាល់ជម្រើសទាំងអស់។ រហូតមកដល់ពេលនេះ អ៊ីរ៉ង់កំពុងធ្វើបានយ៉ាងល្អ និងកំពុងយកឈ្នះសត្រូវជារៀងរាល់ថ្ងៃ ហើយសមរភូមិកំពុងដំណើរការទៅតាមទិសដៅរបស់ខ្លួន។ ប៉ុន្តែប្រសិនបើមានអ្វីមួយផ្ទុយពីនេះកើតឡើង នោះក្រុមហ៊ួទីនឹងធ្វើការវាយតម្លៃឡើងវិញ»៕
ដោយ៖តារា










