បុរសចំណាស់ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ត្រូវក្មេងប្រុសវ័យ ១៥ឆ្នាំបើកបុកពេញទំហឹងបណ្តាលឲ្យរបួសធ្ងន់ទាំង ២នាក់

ចែករំលែក៖

ខេត្តកណ្តាល÷ បុរសម្នាក់បានជិះម៉ូតូឆ្លងកាត់ផ្លូវដោយខ្វះការប្រុងប្រយ័ត្ន ក៏ត្រូវក្មេងប្រុសវ័យ ១៥ឆ្នាំម្នាក់ទៀតបើកម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នាមកបុកពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំង ២នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៤ និង ២៥នាទីរសៀល ថ្ងៃទី ២៤ មីនា ឆ្នាំ ២០២៦ នៅលើផ្លូវជាតិលេខ ១១៦A ក្នុងភូមិពពាលខែ ២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

 

តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ដំណើររឿងនៃហេតុការណ៍នេះគឺផ្តើមឡើងដោយក្មេងប្រុសឈ្មោះ ធា សុខហេង (អាយុ ១៥ឆ្នាំ មានទីលំនៅភូមិពពាលខែ ២ ឃុំដីឥដ្ឋ) បានបើកបរម៉ូតូ ១គ្រឿង ម៉ាក SUZUKI SMASH V ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BK-6847 ធ្វើ ដំណើរតាមបណ្តោយផ្លូវលេខ ១១៦A ក្នុងទិសដៅពីត្បូងទៅជើង។ លុះជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានបុកគាំងជាមួយម៉ូតូ ១គ្រឿងទៀត ម៉ាក HONDA MSX ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1FI-0268 ដែលបើកបរដោយបុរសឈ្មោះ សេង (អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ) ខណៈដែលបុរសរូបនេះកំពុងបើកបរក្នុងទិសដៅផ្ទុយគ្នា ហើយបានបត់ឆ្វេងឆ្លងកាត់ផ្លូវពីលិចទៅកើតដោយខ្វះការប្រុងប្រយ័ត្ន។

 

ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុ អ្នក បើកបរម៉ូតូទាំង ២នាក់បានរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិដឹកបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរ ពេទ្យបង្អែកស្រុកកៀនស្វាយភ្លាមៗ។ ចំណែកឯម៉ូតូទាំង ២គ្រឿងដែលរងការខូចខាត ត្រូវបានកម្លាំងសមត្ថកិច្ចចុះវាស់វែង និងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីរង់ចាំដោះស្រាយបន្តតាមនីតិវិធី។

 

ផ្អែកតាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ច មូលហេតុចម្បងដែលនាំឲ្យមានហេតុការណ៍នេះកើតឡើង គឺបណ្តាលមកពីអ្នកបើកបរម៉ូតូ HONDA MSX ឈ្មោះ សេង បើកបរធ្វេសប្រហែស មិនបានពិនិត្យមើលឲ្យបានគ្រប់ជ្រុងជ្រោយមុនពេលបត់ឆ្លងកាត់

ផ្លូវ៕

ដោយ៖ សុរិយា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print