ការអនុវត្តបទឈប់បា.ញ់បញ្ហាព្រំដែនកម្ពុជា-ថៃមានរយៈពេល៣ខែហើយ តែថៃនៅបំពានដែនអធិបតេយ្យកម្ពុជា ដោយផ្ទុយ និងការកំណត់របស់កិច្ចព្រមព្រៀងនៅពេលកន្លងមក 

ចែករំលែក៖

ភ្នំពេញ ៖ លោក ប៉ែន បូណា អ្នកនាំពាក្យអ្នកនាំពាក្យរាជរដ្ឋាភិបាលបានលើកឡើងថា បទឈប់បាញ់នេះកើតឡើងពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់ថ្នាក់ដឹកនាំកម្ពុជា តាមរយៈការងារការទូត ដោយមានការជ្រោមជ្រែងពីភាគីអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក សាធារណរដ្ឋប្រជាមានិតចិន និងសមាគមអាស៊ានដែលមានប្រទេសម៉ាឡេស៊ី ជាប្រធានប្តូរវេនក្នុងឆ្នាំ២០២៥ ។

 

ដូច្នេះ នេះជាឱកាសដែលយើងគួររម្លឹកឡើងវិញពីអត្ថន័យ និងលទ្ធផល ដែលកើតចេញពីបទឈប់បាញ់នេះ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនជនរួមជាតិក្រោយសម្រេចបានបទឈប់បាញ់នេះថា កិច្ចខិតខំប្រឹងប្រែងឱ្យមានបទឈប់បាញ់សបញ្ជាក់ថា កម្ពុជាបានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បង និងខ្ពស់បំផុត ។

 

ចំណែកសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក៏បានគូសបញ្ជាក់ច្បាស់ថា កម្ពុជាដើរលើផ្លូវសន្តិភាព តែមិនអាចធ្វើសម្បទានបូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរ នៃប្រជាជាតិរបស់ខ្លួនបានឡើយ ។ អាចនិយាយបានថា ការសម្រេចបាននូវសេចក្តីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ដែលក្នុងនោះមានចែងពីកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀង១៥ ចំណុចផ្សេងទៀត គឺជាគោលបំណងដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាដើម្បីបញ្ចៀសការស្លា.ប់ ការរងរបួស ការបង្ហូរឈា.ម និងសោកនាដកម្ម ដ៏មហន្តរាយមកលើប្រទេសជាតិ ដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតឆ្អន់ និងបានស្គាល់រសជាតិយ៉ាងច្បាស់រួចទៅហើយ ។ នេះក៏ជាហេតុផល ដែលកម្ពុជាគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ នៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជា កិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត ដែលភាគីទាំងពីរបានឯកភាពគ្នា កាលពីពេលកន្លងទៅ ដោយក្នុងនោះក៏មានសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡំពួរស្តីពីកិច្ចព្រមព្រៀងសន្តិភាពថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ផងដែរ ។ គោលដៅចម្បង គឺការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមយន្តការការទូត និងបច្ចេកទេសស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ។

 

សូមរម្លឹកថា ក្រោមស្មារតីនៃសេចក្តីប្រកាសរួមនេះ យោធិនកម្ពុជា ១៨នាក់ ត្រូវបានដោះលែងឱ្យមានសេរីភាពបានវិលត្រឡប់មកជួបជុំគ្រួសារវិញ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខណៈដែលជនភៀសសឹកជាង៩៤% ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង ៦៤ម៉ឺននាក់ ក៏បានវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយគិតមកទល់ថ្ងៃនេះ ។ ប៉ុន្តែនៅសល់ជនភៀសសឹកជាង ៣ម៉ឺន៦ពាន់នាក់ទៀត មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញនៅឡើយ ដោយសារការរារាំងរបស់កងកម្លាំងប្រដាប់អាវុធថៃ តាមរយៈការដាក់រាយបន្លាលួស និងទូរកុងតឺន័រ និងការបំផ្លិចបំផ្លាញផ្ទះសម្បែង និងលួចយកទ្រព្យសម្បត្តិរបស់ពួកគេ ។

 

ប្រឈមមុខចំពោះបញ្ហានេះ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាបន្តបន្ទាប់ និងយ៉ាងខ្លាំងក្លាប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើឱ្យប្រែប្រួលដល់បរិយាកាសសន្តិសុខនៅក្នុង ឬជុំវិញតំបន់ជនស៊ីវិល ការបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែងពីសំណាក់កងកម្លាំងថៃ ។

 

ទន្ទឹមនឹងនោះ កម្ពុជាក៏បាន និងកំពុងជំរុញឱ្យភាគីថៃអនុវត្តតាមស្មារតីចំណុចទី៣ និងទី៤ នៃសេចក្តីប្រកាសរួម ដែលភាគីទាំងពីរឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មការចម្រុះព្រំដែនបន្តអនុវត្តការងារវាស់វែង និងខ័ណ្ឌសីមាព្រំដែនឱ្យបានឆាប់រហ័សបំផុត និងផ្តល់អាទិភាពខ្ពស់បំផុតដល់តំបន់ដែលមានជនស៊ីវិលរស់នៅ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ និងអនុញ្ញាតឱ្យជនភៀសសឹកត្រឡប់ទៅផ្ទះសម្បែងវិញដោយគ្មានការរារាំង ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ។

 

ក្នុងន័យនេះ រាជរដ្ឋាភិបាល តាមរយៈរដ្ឋលេខាធិការកិច្ចការព្រំដែន បានផ្ញើកំណត់ទូត ៥លើកហើយ ទៅកាន់ភាគីថៃ គិតចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដោយស្នើចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង ដើម្បីបន្តអនុវត្តន៍ការងារបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 42-47 ស្ថិតក្នុងភូមិសាស្ត្រភូមិជោគជ័យ និងភូមិព្រៃចាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ 52-59 ក្នុងភូមិសាស្ត្រស្រុកកំរៀង ខេត្តបាត់ដំបង និងសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំងនៅទីតាំងដើម ដែលភាគីទាំងពីរបានឯកភាពគ្នា និងកំណត់ខ្សែព្រំដែននៅទីតាំងមួយចំនួនក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ជាដើម ។

 

កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print