សម្ព័ន្ធមិត្តអ៉ីរ៉ង់ Houthi បានបាញ់មីស៊ីលចូលក្នុងប្រទេសអុីស្រាអែល

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២៦ បានផ្សាយថា នៅថ្ងៃសៅរ៍នេះ យោធាអ៉ីស្រាអែល បានប្រាប់ថា ខ្លួនបានប្រទះឃើញសញ្ញានៃការបាញ់មីស៉ីល១គ្រាប់ ចេញពីប្រទេសយេម៉ែន ដែលជាលើកដំបូង គិតតាំងពីសង្រ្គាមមជ្ឈិមបូព៌ាចាប់ផ្តើមកាលពី១ខែមុន។

ការបាញ់មីស៉ីលនេះគឺត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីក្រុមឧទ្ទាមហ៊ូធី(Houthi) ដែលមានមូលដ្ឋាននៅយេម៉ែន បានព្រមានកាលពីថ្ងៃសុក្រថា ពួកគេនឹងចូលរួមក្នុងសង្រ្គាមមជ្ឈិមបូព៌ា ប្រសិនបើការវាយប្រហាររបស់អាមេរិកនិងអ៉ីស្រាអែលលើអ៉ីរ៉ង់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននៅតែបន្ត ឬមួយក៏ប្រទេសដទៃទៀតចូលលូកដៃក្នុងជម្លោះនេះ។ ក្រុម Houthi បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «យើងសូមបញ្ជាក់ថា ពួកយើងត្រៀមលក្ខណៈជានិច្ចដើម្បីចូលធ្វើអន្តរាគមន៍យោធាដោយផ្ទាល់»។
ការចូលរួមរបស់ក្រុម Houthi នឹងពង្រីកបន្ថែមទៀតនូវជម្លោះដែលកំពុងរាលដាលរួចស្រាប់ទៅហើយនៅក្នុងតំបន់មជ្ឈិមបូព៌ា។ មកទល់ពេលនេះ ក្រុមសកម្មប្រយុទ្ធនៅលីបង់និងអ៉ីរ៉ាក់ដែលគាំទ្រដោយអ៉ីរ៉ង់ បានចូលរួមរួចជាស្រេចក្នុងសង្រ្គាមមជ្ឈិមបូព៌ា ដែលបង្កឡើងដោយការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិកនិងអ៉ីស្រាអែលលើទីក្រុងតេហេរ៉ង់ កាលពី៤សប្តាហ៍មុន។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺ Houthi មានសមត្ថភាពវាយប្រហារបានឆ្ងាយ និងអាចបង្កការរំខានដល់ច្រកផ្លូវកប៉ាល់ដឹកជញ្ជូននៅជុំវិញឧបទ្វីបអារ៉ាប់និងនៅសមុទ្រក្រហម ដែលពួកគេធ្លាប់បានធ្វើកន្លងមក ដើម្បីគាំទ្រក្រុមហាម៉ាស់នៅតំបន់ហ្កាហ្សា ក្រោយថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣៕ ដោយធីរីណា

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print