ខេត្តតាកែវ៖ គម្រោងព្រែកជីកហ្វូណនតេជោ ដំណាក់កាលទី២ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ខាងមុខ ស្ថិតនៅភូមិត្រើយឃ្លោក ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
គម្រោងនេះ បន្ទាប់ពីលោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅថ្ងៃទី៣០ ខែមីនា បានដឹកនាំក្រុមការងារ រដ្ឋបាលខេត្តតាកែវ ចុះពិនិត្យទីតាំង ដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានសាងសង់។
លោក វ៉ី សំណាង អភិបាលខេត្ត បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងផ្លូវទឹកដ៏ធំមួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ការដឹកជញ្ជូន និងធ្វើពាណិជ្ជកម្ម។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងជំរុញសកម្មភាពសេដ្ឋកិច្ច និងដឹកជញ្ជូនក្នុងតំបន់ឱ្យកាន់តែប្រសើរ ឡើងថែមទៀត។
លោកអភិបាលខេត្ត បានគូសបញ្ជាក់ថា ប្រសិនគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១១ ខែមេសាខាងមុខ និងមានការបើកការដ្ឋានសាងសង់ ក្នុងដំណាក់កាលទី២ ក្នុងភូមិសាស្រ្តស្រុកបូរីជលសារ ខេត្តតាកែវ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។
គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ ឆ្លងកាត់ខេត្តតាកែវ មានប្រវែងប្រមាណ ៥៨គីឡូម៉ែត្រ ដោយឆ្លងកាត់ ស្រុក-ក្រុងចំនួន៦ រួមមាន៖ ស្រុកអង្គរបូរី ស្រុកព្រៃកប្បាស ស្រុកទ្រាំង ស្រុកបូរីជលសារ ស្រុកកោះអណ្ដែត និងស្រុកគិរីវង់៕
ដោយ៖តារា










