ភ្នំពេញ៖ ក្នុងបរិបទដែលតម្លៃប្រេងឥន្ធនៈលើទីផ្សាសកលកំពុងមានការកើនឡើងជាបន្តបន្ទាប់ ការប្រើប្រាស់រថយន្តអគ្គិសនីកំពុងត្រូវបានចាត់ទុកថា ជាជម្រើសសំខាន់មួយ ដើម្បីកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ និងជួយបន្ថយសម្ពាធអថិផរណានៅលើទីផ្សារ ខណៈនិន្នាការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងកើនឡើងដល់ជាង ១៤,០០០គ្រឿង គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦។
បើតាមអ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុនវិរៈ ប៊ុនថាំ ដែលជាក្រុមហ៊ុនដឹកអ្នកដំណើរ និងឡូជីស្ទីកឈានមុខគេនៅកម្ពុជា បានលើកឡើងថា ក្រុមហ៊ុនលោកគឺជាក្រុមហ៊ុនដំបូងគេដែលបានប្រើប្រាស់រថយន្តអគ្គិសនីច្រើនបំផុតសម្រាប់ដឹកជញ្ជូនអ្នកដំណើរ និងដឹកជញ្ជូនទំនិញ។ សព្វថ្ងៃ ក្រុមហ៊ុនលោកមានរថយន្តអគ្គិសនីជាង ២០០គ្រឿងកំពុងដំណើរការ ក្នុងនោះ រថយន្តអគ្គិសនីដឹកអ្នកដំណើរមានចំនួនជាង ៥០គ្រឿង។
សហគ្រិនវិស័យឡូជីស្ទីកនៅកម្ពុជារូបនេះ អះអាងថា ក្នុងអំឡុងពេលដែលតម្លៃប្រេងឥន្ធនៈអន្តរជាតិកំពុងកើនឡើង ការប្រើប្រាស់រថយន្តអគ្គិសនីបានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់អថិផរណាប្រេង ហើយជួយឲ្យក្រុមហ៊ុនមិនចាំបាច់បង្កើនថ្លៃសេវាខ្លាំងពេក។ ជាក់ស្តែង តម្លៃបញ្ញើទំនិញបានកើនត្រឹមតែ ៥០០ រៀលក្នុងមួយកញ្ចប់ ខណៈតម្លៃដឹកអ្នកដំណើរឡើងនៅចន្លោះពី ៦,០០០ ដល់ ៨,០០០ រៀលក្នុងមួយសំបុត្រ ដែលអាស្រ័យទៅលើចម្ងាយផ្លូវ។ ទន្ទឹមនឹងនេះ អ្នកឧកញ៉ាបានកោតសរសើរដល់រាជរដ្ឋាភិបាល ដែលបានជួយជ្រោមជ្រែងវិស័យឯកជន តាមរយៈការបញ្ចុះពន្ធគយនាំចូលរថយន្តអគ្គិសនី និងការសម្របសម្រួលលើការវិនិយោគស្ថានីយសាកថ្ម។
គិតមកដល់ពេលនេះ ក្រុមហ៊ុនលោកបានបង្កើតស្ថានីយសាករថយន្តអគ្គិសនីស្ទើរតែគ្របដណ្តប់ទាំង ២៥ រាជធានី-ខេត្ត ហើយ ក្នុងខែមីនានេះ ក្រុមហ៊ុនបានបញ្ជាទិញរថយន្តអគ្គិសនីបន្ថែមប្រមាណ ៣០០ គ្រឿងទៀត។
គួររម្លឹកដែរថា កាលពីពេលថ្មីៗនេះ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ផន រឹម បានគូសបញ្ជាក់ដែរថា ការប្រើប្រាស់យានយន្តអគ្គិសនីនឹងផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល។ គិតត្រឹម ខែកុម្ភៈ ឆ្នាំ២០២៦ មានយានយន្តអគ្គិសនីចុះបញ្ជីសរុប ១៤, ៥៣៤គ្រឿង ក្នុងនោះ ទោចក្រយានយន្ត ៣,៤៤៩ គ្រឿង, ត្រីចក្រយានយន្ត ៧២២គ្រឿង និងរថយន្តចំនួន ១០, ៣៦៣គ្រឿង៕
ដោយ៖តារា










