ប្រធានធនាគារជាតិកម្ពុជា៖ ការបើកគណនីប្រាក់រៀលស្វ័យប្រវត្តិ សម្រួលដល់ការទូទាត់ឆ្លងដែន

ចែករំលែក៖

ភ្នំពេញ៖ លោកស្រី ជា សិរី ទេសាភិបាលធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍ថា កន្លងមក ធនាគារជាតិ បានធ្វើការតភ្ជាប់ការទូទាត់ឆ្លងដែនតាមរយៈឃ្យូអរកូដ (QR Code) ជាមួយប្រទេសជាច្រើន ខណៈដែលការទូទាត់ភាគច្រើនភ្ញៀវទេសចរបរទេសដែលមកពីប្រទេសដែលបានតភ្ជាប់ជាមួយកម្ពុជា បានត្អូញត្អែរថា មកកម្ពុជាទូទាត់អត់ចេញ។

 

លោកស្រី ប្រធានធនាគារជាតិរូបនេះ បានលើកឡើងនៅក្នុងពិធីដាក់ឱ្យដំណើរការទូទាត់ឆ្លងដែនតាមយ្យូអរកូដដំណាក់កាលទី២ រវាងកម្ពុជា-សិង្ហបុរី នៅថ្ងៃទី ៣០ ខែមីនា ២០២៦។ លោកស្រី រកឃើញថា បញ្ហានេះដោយសារតែអ្នកលក់នៅកម្ពុជា ភាគច្រើនគាត់មិនទទួលយកលុយរៀលនោះទេ គាត់យកតែលុយដុល្លារ។

 

លោកស្រី ជា សិរី បានលើកឡើងថា៖ «ការតភ្ជាប់ការទូទាត់ឆ្លងដែន ធ្វើឡើងដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀល ការប្រើដុល្លារវាស្រួលនៅពេលវាអត់មានបញ្ហា តែដល់ពេលមានបញ្ហាគឺវាមិនស្រួលទេ»។ ការជំរុញការប្រើប្រាស់លុយរៀលតាមរយៈការស្កេន ឃ្យូអរកូដ ជាវិធីមួយដើម្បីលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់។

 

បន្ថែមពីនេះ លោកស្រី ជា សិរី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសង្កេតឃើញបញ្ហានេះ ចំណុចទី១ ដែលយើងគិតឃើញគឺ ត្រូវធ្វើម៉េចផ្គុំ QR Code ជាមួយគ្នា ពីព្រោះអ្នកលក់គាត់លើកតែលុយដុល្លារ ឱ្យគេស្កេន ហើយគេស្កេនអត់ចេញ អញ្ចឹងដើម្បីឱ្យងាយស្រួលកុំឱ្យគាត់គិតថា អូរអ្នកហ្នឹងភ្ញៀវបរទេស ឬក៏អ្នកហ្នឹងខ្មែរ ត្រូវលើកដូរ ដុល្លារ រៀលអីហ្នឹងចុះឡើង យើងផ្គុំអាហ្នឹងចូលគ្នាទាំងលុយរៀល ទាំងលុយដុល្លារ ចូលមកតែមួយ អញ្ចឹងហើយបើសិនជាអ្នកទិញនោះ គាត់ជាភ្ញៀវបរទេសមកពីប្រទេសដែលយើងភ្ជាប់ជាមួយគាត់ស្កេនទៅ គឺចូលទៅគណនីលុយរៀល អញ្ចឹងអ្នកលក់គាត់អត់ឈឺក្បាល តែដើម្បីធ្វើការងារនេះបានក៏យើងត្រូវតែបើកគណនីលុយរៀលឱ្យទៅអ្នកលក់ណាដែលគាត់អត់មាន»។ មួយរយៈចុងក្រោយនេះ ប្រជាពលរដ្ឋមួយចំនួនត្អូញត្អែររឿងបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ។

 

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ជា សិរី បន្ថែមថា៖ «មានអ្នកខ្លះគាត់ត្អូញត្អែរថា សុខៗស្រាប់តែទៅបើកគណនីលុយរៀលឱ្យគាត់ គាត់អត់ចង់បានលុយរៀលផងស្រាប់តែទៅបើកឱ្យគាត់ អានេះយើងបើក ដើម្បីសម្រួលការទូទាត់របស់ភ្ញៀវទេសចរ យើងសម្រួលការទូទាត់ឱ្យទៅអ្នកលក់ អញ្ចឹងគឺការជួយទៅវិញទេ ដែលយើងធ្វើនេះ មិនមែនទៅបង្ខំទេ ហើយបងប្អូនដែលគេបើកគណនីលុយរៀលឱ្យហើយ បើមិនប្រើក៏ហីទៅ បើថាយើងជាខ្មែរ ចូលចិត្តដុល្លារជាង ក៏ប្រើដុល្លារទៅ អត់មានទៅចាប់បង្ខំ ចងដៃចងជើងថា ត្រូវតែប្រើលុយរៀលទេ ក៏ប៉ុន្តែត្រូវតែមានគណនីលុយរៀល»។

 

គណនីប្រាក់រៀលនេះ បើកឱ្យប្រជាពលរដ្ឋអ្នកប្រើប្រាស់ តែបើគាត់មិនប្រើប្រាស់ក៏អត់មានត្រូវតែបង់ថ្លៃសេវានោះដែរ។ការដែលធនាគារជាតិបង្រួមលុយរៀល លុយដុល្លារនេះ គឺដើម្បីសម្រួលអ្នកលក់ និងអ្នកទិញ មិនមែនធ្វើបាបអតិថិជននោះទេ។

...

 

បើតាមលោកស្រី ជា សិរី ការដែលយើងធ្វើវិធីនេះ គឺសម្រួលអ្នកដំណើរពីប្រទេសទាំងអស់នោះគាត់ងាយនឹងទូទាត់នៅស្រុកយើង ពីព្រោះអ្នកលក់តូចតាច គាត់អត់មានម៉ាស៊ីនកោសកាតទេ ហើយភ្ញៀវទេសចរមកពីស្រុកគេ ភាគច្រើនគាត់ប្រើកាត ហើយបើយើងមិនជំរុញការប្រើប្រាស់នេះទេ អ្នកលក់ក៏លក់មិនបាន អ្នកទិញក៏ទិញមិនបាន ព្រោះគាត់អត់មានអាកាតហ្នឹងយកទៅកូត។ យើងគាំទ្រលុយជាតិ និងហេដ្ឋារចនាសម្ព័ន្ធ ដែលធនាគារជាតិដាក់ឱ្យប្រើប្រាស់៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print