អន្តរជាតិ : រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោកAbbas Araghchi នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ បានប្រាប់អារ៉ាប៊ីសាអូ៊ឌីតថា ដល់ពេលហើយដើម្បីបណ្តេញកងកម្លាំងអាមេរិកចេញពីប្រទេស។ នៅក្នុងសារបង្ហោះនៅលើបណ្តាញសង្គមX លោកAraghchi និយាយថា អ៊ីរ៉ង់គោរពអារ៉ាប៊ីសាអូ៊ឌីត ហើយចាត់ទុកអារ៉ាប៊ីសាអូ៊ឌីតដូចជាប្រទេសបងប្អូននឹងគ្នា។ លោកនិយាយថា ប្រតិបត្តិការរបស់អ៊ីរ៉ង់មានគោលបំណងវាយប្រហារសត្រូវឈ្លានពានដែលមិនគោរពជនជាតិអារ៉ាប់ឬជនជាតិអ៊ីរ៉ង់។
ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់រូបនេះធ្វើឡើង៣ថ្ងៃក្រោយយោធាអ៊ីរ៉ង់វាយប្រហារមូលដ្ឋានទ័ពអាកាសអាមេរិកនៅប្រទេសអារ៉ាប៊ីសាអូ៊ឌីត។ នៅក្នុងសារដែលបានបង្ហោះ លោកAraghchiក៏បានភ្ជាប់ជាមួយរូបភាពយន្តហោះE-3 Sentry របស់កងទ័ពអាកាសអាមេរិកដែលបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយរ៉ាដាដែលដំឡើងលើខ្នងយន្តហោះនេះបានធ្លាក់នៅលើដី។ នៅពេលមិនទាន់មានការបញ្ជាក់ជាផ្លូវការពីភាគីអាមេរិក សារព័ត៌មានជាច្រើនបានរាយការណ៍ថា យន្តហោះនេះត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងមីស៊ីលរបស់អ៊ីរ៉ង់លើមូលដ្ឋានទ័ពអាកាសនៅប្រទេសអារ៉ាប៊ីសាអូ៊ឌីត។ ប្រសិនជាការពិត នេះជាលើកទីមួយហើយដែលយន្តហោះបែបនេះ ត្រូវបានបំផ្លាញនៅក្នុងសមរភូមិផ្លូវអាកាស៕
(VAYO)









