ផ្អើលអ្នកភូមិទាំងយប់ ភ្លើងឆាបឆេះព្រៃ សមត្ថកិច្ចបាញ់ទឹកពន្លត់ទាន់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចចុះអន្តរាគមន៍បាញ់ទឹកពន្លត់ទាំងយប់ ខណៈមានភ្លើងឆាបឆេះព្រៃ ដែលគេសង្ស័យថាមានមនុស្សដុតស្មៅ នៅក្រុងបាវិត។ ប៉ុន្តែសំណាងដែលក្នុងហេតុការណ៍នេះមិនមានអ្នករងរបួសនិងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋ។

 

មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀងបានអោយដឹងថា នៅវេលាម៉ោង៧យប់ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានករណីភ្លើងឆេះព្រៃភ្លាម កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបាន សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតចុះអន្តរាគមន៍ពន្លត់អគ្គិភ័យឆាបឆេះព្រៃនេះនៅត្រង់ចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គញ់ ក្រុងបាវិត ខេត្តស្វាយរៀង។

 

ប្រភពដដែលបញ្ជាក់ថា កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង (រថយន្តកងរាជអាវុធហត្ថខេត្ត២គ្រឿង, រថយន្តមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលក្រុងបាវិត២គ្រឿង)ប្រើប្រាស់ទឹកអស់ចំនួន៣គ្រឿង ខណៈដែលក្នុង

ហេតុការណ៍នេះមិនបណ្តាលឱ្យអគ្គិភ័យឆាបឆេះដល់ផ្ទះប្រជាពលរដ្ឋឡើយ និងមិនបង្កឱ្យមនុស្សណាម្នាក់រងរបួសនោះទេ ដោយសមត្ថកិច្ចបានជួយពន្លត់និងគ្រប់គ្រងបានទាំងស្រុង។

សមត្ថកិច្ចបញ្ជាក់ទៀតថា  មូលហេតុ ដែលបណ្តាលអោយមានករណីខាងលើនេះកើតឡើងគឺដោយសារមានជនមិនស្គាល់អត្តសញ្ញាណដុតស្មៅ៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print