ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខ ចុះត្រួតពិនិត្យរដ្ឋបាលនៅទីតាំងសង្ស័យនៅផ្ទះលេខ ២១ និងផ្ទះលេខ ២៣ ផ្លូវ J-01 បុរីហ្រ្គេនភ្នំពេញ ក្នុងភូមិឃ្មួញ សង្កាត់ឃ្មួញ បានឃាត់ខ្លួនជនជាតិចិនចំនួន ៤ នាក់ ជាបន្តបន្ទាប់ និង ដកហូតវត្ថុតាងមួយចំនួន រួមទាំងកាំភ្លើងផងដែរ។
ក្នុងប្រតិបត្តិការនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី ៣០ ខែមីនា ឆ្នាំ ២០២៦ ថ្មីៗ នេះ កម្លាំងនគរបាលបានឃាត់ខ្លួនជនជាតិចិនម្នាក់មានឈ្មោះ LUO TIAN ZHU ភេទប្រុស អាយុ ៣៥ ឆ្នាំ និងរកឃើញវត្ថុតាងពាក់ព័ន្ធបទល្មើសគ្រឿងញៀន រួមមាន ៖ ម្សៅម៉ដ្ឋពណ៌ស ចំនួន ១ កញ្ចប់ , ម្សៅម៉ដ្ឋពណ៌ទឹកដោះគោ ១ កញ្ចប់ , សារធាតុរាវក្នុងដបមានអក្សរ Ketmaine ៥ ដប ,ជញ្ជីង ៣ , ស៊ីឡៅ ២ , បំពង់កែវ ១ ,ថង់ប្លាស្ទិកមួយចំនួន។
រហូតដល់វេលាម៉ោង ២ និង ៥ នាទី ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៦ ម្សិលមិញ កម្លាំងនគរបាលបានបន្តស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនបក្ខពួក ៣ នាក់ បន្ថែមទៀត នៅចំណុចផ្ទះលេខ ២១ ផ្លូវJ-01 បុរីហ្រ្គេនភ្នំពេញ ភូមិឃ្មួញ សង្កាត់ឃ្មួញ ដោយដកហូតបានអាវុធខ្លី ២ ដើម។
បើតាមមន្រ្តីនគរបាលជំនាញ បានបញ្ជាក់ថា ជនសង្ស័យទាំង ៣ នាក់ រួមមាន ៖ ១.ឈ្មោះ LI GANG អាយុ ៥១ ឆ្នាំ ជនជាតិចិន សញ្ជាតិខ្មែរ។ ២.ឈ្មោះ ZHANG CHENXIANG អាយុ ៣៦ ឆ្នាំ ជនជាតិចិន និង ៣.ឈ្មោះ WANG XIAOBING អាយុ ៤៥ ឆ្នាំ ជនជាតិចិន។ ក្នុងនោះ ដកហូតបានអាវុធខ្លី ចំនួន ២ ដើម , បង់ ២ , លិខិតឆ្លងដែន ៣ ក្បាល , ទូរស័ព្ទដៃ ២ គ្រឿង , បណ្ណជនបរទេស ៣ សន្លឹក , អត្តសញ្ញណប័ណ្ណចំនួន ១ សន្លឹក។
មន្រ្តីដដែលបន្តថា ជនសង្ស័យ LUO TIAN ZHU បានឆ្លើយថា ខ្លួនចេញពីប្រទេសចិនមកកាន់ប្រទេសឡាវអំឡុងខែកុម្ភៈ ដើម្បីមកធ្វើការជាមួយមិត្តភក្តិនៅខារ៉ាអូខេ។ ក្នុងនោះ ពេលមកដល់មិនបានជួបមិត្តភក្តិទេ ហើយត្រូវបានគេយកទៅទុកនៅឃ្លាំង ១ កន្លែង អស់រយៈពេលប្រហែល ១ អាទិត្យ ហើយត្រូវបានគេដកលិខិតឆ្លងដែនទុក។ បន្ទាប់មកមានតៃកុងឡានឡាវម្នាក់ បានដឹកខ្លួនឆ្លងដែនចូលមកកម្ពុជា តែខ្លួនមិនដឹងចូលតាមច្រកណាទេ ដោយជិះកាត់ព្រៃ ហើយក៏មានតៃកុងឡានខ្មែរដឹកខ្លួនបន្តមកទីតាំងផ្ទះខាងលើ។ ចំណែកជនសង្ស័យឈ្មោះ លី កាំង Li Gang មិនទាន់សារភាពទេ ដោយឆ្លើយដោះសារថា អាវុធខ្លីទាំង ២ ដើមខាងលើ គឺឆ្លើយម្តងថា ទិញពីជនជាតិចិន ម្តងថា ទិញពីខ្មែរ ក្នុងតំលៃ ៥០០ ដុល្លារ ហើយម្តងថា រើសបាននៅក្នុងធុងសំរាម។
បច្ចុប្បន្ន ជនសង្ស័យទាំង ៤ នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវបន្តតាមនីតិវិធី៕
ដោយ៖តារា










