ឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ពាក់ព័ន្ធការឆបោកប្រាក់អតិថិជនជាច្រើននាក់

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ដែលជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ VR SMILE TOUR AND TRAVEL Co.,Ltd ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល នៃក្រុមការងារ Hotline Scam 24/7 ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ចុះអនុវត្តវិធានការច្បាប់ ដោយបានឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសឆបោកប្រាក់ពីអតិថិជនជាច្រើននាក់។

 

ជនសង្ស័យមានឈ្មោះ ហ.ស.ប ភេទប្រុស អាយុ ៣៦ ឆ្នាំ ត្រូវបានឃាត់ខ្លួនក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងពីជនរងគ្រោះជាង ២០ ករណី ដែលចោទប្រកាន់ថា ក្រុមហ៊ុនទេសចរណ៍ខាងលើបានទទួលប្រាក់ពីអតិថិជន ដើម្បីរៀបចំដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ប៉ុន្តែមិនបានអនុវត្តតាមកិច្ចសន្យា និងមិនបានរៀបចំដំណើរកម្សាន្តជូនអតិថិជនដូចការសន្យានោះឡើយ។

 

ដោយឡែកតាមការស៊ើបអង្កេត បានបង្ហាញថា ក្រុមហ៊ុន VR SMILE TOUR AND TRAVEL Co.,Ltd មានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បានប្រើប្រាស់យុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញអតិថិជន ដោយផ្តល់ជូនកញ្ចប់ដំណើរកម្សាន្តតម្លៃទាប និងមានការផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមបណ្ដាញសង្គម ប៉ុន្តែបន្ទាប់ពីទទួលប្រាក់ហើយ មិនបានបំពេញកាតព្វកិច្ចដូចការសន្យានោះទេ។

 

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារ តាមដីកាបង្គាប់ឲ្យឃុំរបស់ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់តាមបែបបទ។

...

 

សមត្ថកិច្ច ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់រងគ្រោះពីករណីស្រដៀងគ្នា ឬមានពាក់ព័ន្ធនឹងក្រុមហ៊ុនខាងលើ សូមធ្វើការដាក់ពាក្យបណ្តឹងបន្ថែម ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បានពេញលេញ និងការពារសិទ្ធិរបស់ជនរងគ្រោះ៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print