ទុស្សេខ្សែភ្លើងបណ្ដាលឱ្យឆ្លងចរន្តអគ្គិសនី ឆេះផ្ទះ១ខ្នងហ្មត់ទាំងកណ្ដាលថ្ងៃនៅក្រុងបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លំនៅឋាន១ខ្នង ពុំមាននៅសេសសល់អ្វីទេ ក្រៅពីគ្រោងឆ្អឹងនិងផេះដោយសារអគ្គិភ័យប្រឹងត្របាក់លេបត្រឹមរយៈពេលមួយដង្ហើមចង្រិតប៉ុណ្ណោះ នៅវេលាម៉ោង២រសៀលថ្ងៃទី០១ មេសា ឆ្នាំ២០២៦ ស្ថិតនៅចំណុចភូមិកាប់គោថ្មី សង្កាត់អូរចា ក្រុងបាត់ដំបង បើទោះជារថយន្តពន្លត់អគ្គិភ័យបានចេញប្រសេកប្រសាចជួយអន្តរាគមន៍យ៉ាងឆាប់រហ័សក្ដី ។

 

មន្ត្រីជំនាញរាយការណ៍ពីព្រឹត្តការណ៍នេះថា អគ្គិភ័យនោះបានប្រឹងត្របាក់លេបយកលំនៅឋាននោះត្រឹមមួយប៉ព្រិចភ្នែកប៉ុណ្ណោះអស់រលីងតែម្ដង ។ លំនៅឋាននេះ ធ្វើអំពីឈើជញ្ជាំងនិងដំបូលបាំងស័ង្កសី មានទំហំ ៥ម៉x៦ម៉ មានម្ចាស់ឈ្មោះ នាក់ ភន ភេទស្រី អាយុ៥៤ឆ្នាំ ។

 

បើតាមការស្រង់សម្ដីពីម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចនៅកន្លែងកើតហេតុថា អគ្គិភ័យដ៏មហន្តរាយនេះ បានផ្ដើមចេញពីការទុស្សេខ្សែចរន្តចរន្តអគ្គិសនី ហើយបានឆាប ឆេះរាលដាលពាសពេញក្នុងផ្ទះតែម្ដង ។

 

អ្នកភូមិក៏និយាយដែរថា ការចាប់ផ្ដើមដំបូង គេឃើញមានផ្សែងបន្តិចបន្តួចប៉ុណ្ណោះ តែប៉ុន្មាននាទីក្រោយ ខណៈដែលអ្នកភូមិចាប់ផ្ដើមផ្អើលជួយអន្តរាគមន៍ពន្លត់ ស្រាប់តែអណ្ដាតភ្លើងហាក់ហក់ឡើងគួរឲ្យខ្លាច ប្រឹងលេបផ្ទះកាន់តែខ្លាំង ស្របពេលនោះរថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ចក៏បានមកដល់ ប៉ុន្តែបានត្រឹមតែជួយបាញ់ទឹកទប់ស្កាត់មិនឆេះឆ្លងរាលដាល ។

 

ពីព្រោះមិនបានមួយដង្ហើមចង្រិតផង លំនៅឋាននោះត្រូវព្រះអគ្គិឆេះរាបដល់ដីល្មម សូម្បីទ្រព្យសម្បត្តិ ឬសម្ភារប្រើប្រាស់ផ្សេងៗក៏ម្ចាស់ផ្ទះ ឬអ្នកជិតខាងជួយរំដោះមិនបានដែរ ។ យ៉ាងណាក្ដី ភ្លាមៗនោះ គេមិនតាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ ។

 

គេគ្រាន់តែដឹងថា លំនៅឋាននេះ ត្រូវភ្លើងឆេះអស់ទាំងស្រុងតែម្ដង ។ ពេលនេះ អាជ្ញាធរ និង មន្ត្រីជំនាញបាននិងកំពុងសួរនាំជនរងគ្រោះម្ចាស់ផ្ទះ ដើម្បីកំណត់ហេតុនៃការខូចខាតទ្រព្យសម្បត្តិ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print