ភ្នំពេញ ៖….វីរ កណ្តុរ Magawaបានរកឃើញគ្រាប់មីនជាង១០០គ្រាប់ លេី ផ្ទៃដី ១៤១.០០០ ម៉ែត្រ ក្រឡា ចាប់ ពី ឆ្នាំ ២០១៦-២០២០ នៅលើទឹកដីកម្ពុជា ។លោក បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ឱ្យដឹងបែបនេះ ក្នុងពីធី សម្ភោធរូបសំណាកវីរកណ្តុរហិតមីន Magawa នៃអង្គការដោះមីន APOPO ។ វីរ កណ្តុរ Magawa បាន ទទួល មេដាយ មាស PDSA (People’s Dispensary for Sick Animals) សម្រាប់ ភាព ក្លាហាន ក្នុង ការ ជួយ សង្រ្គោះ ជីវិត មនុស្ស ជាជំនួយរបស់ចក្រភព អង់គ្លេស ក្នុងខែ កញ្ញា ឆ្នាំ ២០០០ ដោយ បាន រកឃើញ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង១០០គ្រាប់ លេី ផ្ទៃដី ចំនួន ១៤១.០០០ ម៉ែត្រ ក្រឡា ចាប់ ពី ឆ្នាំ ២០១៦- ២០២០ ។ ពិធីសម្ពោធនេះបានប្រព្រឹត្ដទៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ខេត្ត ព្រះវិហារ តំណាងអង្គភាពស៊ីម៉ាក់ អង្គការ APOPO ប្រតិបត្តិករដោះមីន។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងថា អស់រយៈពេលជាច្រើនឆ្នាំ ប្រជាជនកម្ពុជាមួយចំនួនរស់នៅលើដីដែល មិន ជឿ ទុក ចិត្ត មានហានិភ័យខ្ពស់ និងអាចមានគ្រោះថ្នាក់គ្រប់ជំហាន ប៉ុន្តែកណ្តុរហិតមីន Magawa បានរួមចំណែកក្នុងការលុបបំបាត់ហានិភ័យ និងស្តារឡើងវិញនូវទំនុកចិត្តជូនប្រជាជនកម្ពុជា។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួនជាង ១០០គ្រាប់ ត្រូវបានរកឃើញតាមរយៈការងាររបស់កណ្តុរ Magawa និងបានធ្វើឱ្យកុមារដើរ លេងប្រកបដោយសុវត្ថិភាព កសិករធ្វើស្រែដោយសេរី ហើយសហគមន៍កសាងឡើងវិញដោយមិនស្ទាក់ស្ទើរ។ កណ្តុរ Magawa បន្សល់ទុកច្រើនជាងកំណត់ត្រានៃការរកឃើញ ព្រមទាំងបានបង្កើតនូវស្តង់ដារមួយ គឺស្តង់ដារនៃការអត់ធ្មត់ និងស្តង់ដារនៃការជឿទុកចិត្តលើការងារ។
លោកទេសរដ្ឋមន្រ្តី បន្តទៀតថា កេរដំណែលរបស់កណ្តុរ Magawa បានឆ្លុះបញ្ចាំងពីការលះបង់របស់អង្គការ APOPO ដែលបាននាំមកនូវវិធីសាស្រ្តថ្មីៗទៅក្នុងវិស័យសកម្មភាពមីននៅកម្ពុជា ហើយវាក៏ឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងប្រទេសកម្ពុជាពីគ្រប់ប្រតិបត្តិករដោះមីន ស្ថាប័នជាតិ ប្រទេសជាមិត្ត រហូតដល់ដៃគូអភិវឌ្ឍន៍ ដែលបានឈរនៅជាមួយកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំមកនេះ។
លោកបានបញ្ជាក់ទៀតថា វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា មិនបានកើតឡើងដោយចៃដន្យទេ គឺវាកើត ឡើងចេញពីចក្ខុវិស័យដឹកនាំ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានកសាងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំ ដើម្បីការពារប្រជាជន និងស្ដារទឹកដីកម្ពុជាឱ្យមានសុវត្ថិភាពឡើងវិញ។ ប៉ុន្តែទោះបីយ៉ាងណា បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក ហើយសហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព។
លោកបានរំលឹក ថា ថ្ងៃស្អែកទី០៤ ខែមេសា គឺជាការប្រារព្ធទិវាអន្តរជាតិយល់ដឹងអំពីមីន និងជំនួយក្នុងសកម្មភាពមីន ក្រោមប្រធានបទ “វិនិយោគលេីសន្តិភាព វិនិយោគលើសកម្មភាពមីន-Invest in Peace; Invest in Mine Action,” ដែលជាសារដ៏មានឥទ្ធិពល និងរំឭកឱ្យយើងដឹងថា ការបោសសម្អាតមីនមិនត្រឹមតែជាការងារបច្ចេកទេសប៉ុណ្ណោះទេ វាគឺជាមូលដ្ឋានគ្រឹះសម្រាប់សន្តិភាព ការជួយសង្រ្គោះជីវិតមនុស្ស ការស្ដារឡើងវិញនូវសេចក្តីថ្លៃថ្នូរ និងការបើកចំហដោយសុវត្ថិភាពសម្រាប់ការអភិវឌ្ឍ។ លទ្ធផលទាំងនេះ បានបង្កើតនូវលក្ខខណ្ឌសម្រាប់ស្ថិរភាព និងវិបុលភាពយូរអង្វែង ដូចអ្វីដែលយើងបានឃើញយ៉ាងច្បាស់សម្រាប់ការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាដោយផ្ទាល់៕ ដោយ សំរិត










