ភ្នំពេញ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បានឱ្យដឹងថា ការផ្តល់គណនីធនាគារ (ឬកុងធនាគារ) ទៅឱ្យអ្នកដទៃប្រើប្រាស់ ដើម្បីទទួលបានកម្រៃជើងសារ អាចធ្វើឱ្យអ្នកប្រឈមមុខនឹងការចូលរួមប្រព្រឹត្ត បទល្មើស ជាមួយក្រុមឧក្រិដ្ឋជន។
ការទទួលប្រាក់ជំនួស ការជួល ឬការលក់គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ក្នុងគោលបំណងណាមួយ ឬដើម្បីបានប្រាក់កម្រៃ គឺជាការផ្តល់នូវមធ្យោបាយប្រព្រឹត្តបទល្មើស។
ចំពោះអ្នកផ្តល់មធ្យោបាយក្នុងការប្រព្រឹត្តនូវបទល្មើស គឺត្រូវចាត់ទុកថាជា “សហចារី” ដែលនឹងត្រូវទទួលទោសទណ្ឌដូចជា “ចារី” (អ្នកប្រព្រឹត្តផ្ទាល់) ដែរ។ ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដូចខាងក្រោម៖
១. កុំលក់ ឬជួល គណនីធនាគាររបស់ខ្លួនឱ្យទៅបុគ្គលដទៃប្រើប្រាស់ជាដាច់ខាត។
២. កុំទទួលប្រាក់ តាមគណនីធនាគារដែលពុំមានប្រភពច្បាស់លាស់ ជំនួសមិត្តភក្តិ ឬអ្នកដទៃ។
៣. កុំទាក់ទង ជាមួយជនអនាមិក ឬមិត្តភក្តិ ដែលព្យាយាមលួងលោម ឬសន្យាផ្តល់ផលប្រយោជន៍ ក្រោមរូបភាពខ្ចីប្រើប្រាស់កុងធនាគារ៕
ដោយ៖តារា










