ភ្នំពេញ៖ មូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥បានបង្កើតឡើងក្នុងគោលដៅផ្តល់នូវដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនកម្ពុជា។ព្រោះថា ការងារបោស សម្អាតមីន ជាកិច្ចការអាទិភាពមួយរបស់ជាតិ និងបន្តគាំទ្រយ៉ាងមុតមាំដោយបានដាក់ចេញនូវចក្ខុវិស័យ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។
លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់បែបនេះ ក្នុងឱកាស ចុះពិនិត្យសកម្ម ភាពបោសសម្អាតមីនរបស់ មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) ដែលគាំទ្រគម្រោងដោយមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជានិងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងស្រុកអង្លង់វែង និងក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីរសៀថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦ ។ ពិធីនេះក៏មានការចូលរួមពី លោក ម៉េត មាសភក្តី អភិបាលរងខេត្តតំណាង របស់ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ឧត្តមសេនីយ៍ទោ សែម រតនា អគ្គនាយកស្តីទី នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងបោសសម្អាតមីន នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព។
តំណាងឱ្យប្រជាជនកម្ពុជា និងសហគមន៍សកម្មភាពមីន ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការដឹងគុណដ៏ខ្ពង់ខ្ពស់ជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាបិតាស្ថាបនិកសន្តិភាព ដែលបង្កើតឱ្យមានមូលនិធិកម្ពុជាគ្មានមីនឆ្នាំ២០២៥ នេះឡើង ក្នុងគោលដៅផ្តល់នូវដីប្រកបដោយសុវត្ថិភាព និងបង្កើតស្នាមញញឹមជូនប្រជាជនកម្ពុជា។
លោក លី ធុជ បានអរគុណ ចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលសម្តេចតែងតែចាត់ទុកការងារបោសសម្អាតមីន ជាកិច្ចការអាទិភាពមួយរបស់ជាតិ និងបន្តគាំទ្រយ៉ាងមុតមាំដោយបានដាក់ចេញនូវចក្ខុវិស័យ កម្ពុជាមួយគ្មានផលប៉ះពាល់ដោយ សារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។
លោកបានបណ្ជាក់ថា វឌ្ឍនភាពសកម្មភាពមីនរបស់កម្ពុជា មិនបានកើតឡើងដោយចៃដន្យទេ បើគ្មានសន្តិភាពពេលលេញនៅកម្ពុជា ក្រោមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ សម្តេចតេជោ បាននាំមកនូវសន្តិភាព និងបានធ្វើឱ្យដំណើរការបោសសម្អាតមីនដោយការភ័យខ្លាច ព្រមទាំងបង្កើតនូវមូលដ្ឋានសម្រាប់កម្ពុជាក្នុងការឈានទៅរកអនាគតប្រកបដោយសុវត្ថិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
លោក បានបន្តទៀតថា ជាមួយនឹងសមិទ្ធផលសម្រេចបានរយៈពេលជាង ៣០ឆ្នាំ កន្លងទៅ បេសកកម្មរុករកគ្រាប់មីននៅតែបន្តនៅតាមតំបន់ដែលអតីតកាលបន្សល់ទុក ហើយសហគមន៍ជាច្រើនកំពុងរង់ចាំសុវត្ថិភាព។ បន្ថែមលើបញ្ហាប្រឈមមីនដែលនៅសេសសល់ ឯកឧត្តមទេសរដ្ឋមន្រ្តី បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកនូវទុក្ខលំបាកជាមួយបងប្អូនប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដែលទទួលរងផលប៉ះពាល់ពីសង្រ្គាមឈ្លានពានរបស់យោធាថៃ មកលើទឹកដីកម្ពុជា និងកំពុងប្រឈមនឹងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាច្រើនបន្ថែមទៀត។
លោកបានបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានយល់យ៉ាងច្បាស់ពីទុក្ខលំបាកទាំងនេះ និងបានណែនាំឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ បន្តយកចិត្តទុកដាក់បន្ថែមដល់ជីវភាព រស់នៅ និងភាពសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ៕ ដោយ សំរិត










