ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមមួយរំពេច បន្ទាប់ពីធ្លាក់ពីលើរ៉ឺម៉ក ហើយត្រូវរឺម៉ក ដឹកចង្ក្រាន និងក្អមឆ្នាំង ធ្វើអំពី ដីចេញកិនពីលើចំពាក់កណ្ដាលខ្លួន ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៨និង១០នាទីព្រឹក ថ្ងៃទី ៤ ខែមេសាឆ្នាំ ២០២៦ នៅតាមបណ្ដោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ ៧៤និងលេខ៧៥ ស្ថិតនៅក្នុងភូមិអូរតានេសឃុំរលាប្អៀរ ស្រុករលាប្អៀរ។
បើតាមសមត្ថកិច្ចនគរបាល ដែលបានចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យលើសាកសពស្ត្រីរងគ្រោះបានបញ្ជាក់ថា ស្រី្តរងគ្រោះឈ្មោះពេជ មាស អាយុ ៥១ឆ្នាំមានទីលំនៅ ភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ប្ដី ឈ្មោះ ម៉ៅ ស៊ីម អាយុ៤៧ឆ្នាំ ។ គ្រួសារនេះមានកូន៤នាក់ ស្រី៣ ប្រុស១ និងមានមុខរបរ ធ្វើស្រែ និងដឹកក្អមឆ្នាំងចង្ក្រានដែលផលិតអំពីដីដើរលក់តាមបណ្ដាខេត្តនានា។
ប្រភពដដែលបន្តថា មុនពេលកើតហេតុស្ត្រីរងគ្រោះនិងប្ដីបានចេញដំណើរដោយរឺម៉កម៉ូតូចេញពីភូមិបាញ់ឆ្គោលឡើងផ្លូវជាតិលេខ ៥ រួចបន្តដំណើរទៅត្បូង ក្នុងគោលដៅទៅលក់នៅខេត្តកំពង់ស្ពឺ ។ ប៉ុន្តែជាអកុសល មកដល់ចំណុចកើតហេតុ ស្ត្រីខាងលើដែលកំពុងតែអង្គុយលើរឺម៉ក មិនបានប្រុងប្រយ័ត្ន ព្រោះកំពុងអង្គុយគិតលុយក្នុងបញ្ជី ដោយមិនបានតោងឬកាន់រឺម៉ក ក៏ស្រាប់តែធ្លាក់ពីលើរឺម៉ក ហើយត្រូវរ៉ឺម៉ក ដឹកក្អមឆ្នាំងចង្ក្រានធ្វើអំពីដីមានទម្ងន់ច្រើនតោន កិនពីលើជំពាក់កណ្ដាលខ្លួន បណ្ដាលឱ្យបាត់បង់ជីវិត យ៉ាងអាណោច អាធម្ម ។
ក្រោយការពិនិត្យធ្វើកោសល្យវិច័យ របស់សមត្ថកិច្ចនគរបាលបច្ចេកទេសស្រុករលាប្អៀរ និងមានការចូលរួមពិនិត្យ ពីគ្រូពេទ្យមណ្ឌលសុខភាព រួមទាំងអាជ្ញាធរមូលដ្ឋានផង បានបញ្ជាក់ថា រងគ្រោះ ស្ត្រីខាងលើពិតជាបានស្លាប់ដោយសារ៉ឺម៉កកិនពិតប្រាកដមែន។ សពស្ត្រីរងគ្រោះបាក់ដៃ បែកក្បាល បាក់ឆ្អឹងជំនីនិងមានស្នាមកង់រម៉កជាន់ពីលើផង។
សមត្ថកិច្ចបានប្រគល់សពស្ត្រីរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕













