បង្ក្រាបគ្រឿងញៀនបន្តបន្ទាប់នៅស្រុកមោងឫស្សីឃាត់ ខ្លួនជនសង្ស័យ ៣នាក់ រកឃើញ “ម៉ាទឹកកក ICE” ជាច្រើនថង់

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដោយអនុវត្តយ៉ាងតឹងរឹងតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងយោបល់ដឹកនាំរបស់ លោកឧត្តម សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាលខេត្ត បាត់ដំបង ព្រមទាំងការណែនាំពីលោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងជំនាញបានចុះអនុវត្តប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនដោយមានប្រសិទ្ធភាព។

នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤និង ៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ប៉ាន ចាន់រិទ្ធ បានចុះបង្ក្រាបករណីជួញដូរថ្នាំញៀនដោយខុសច្បាប់ ១ករណី នៅចំណុចភូមិស្ទឹងចក ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សារិន ជីវ័ន្ត ភេទប្រុស អាយុ២៨ឆ្នាំ និងដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន ០៣ថង់ ទម្ងន់ ២៧,៧២ក្រាម ទូរស័ព្ទដៃ ០១គ្រឿង និងសម្ភារប្រើប្រាស់ពាក់ព័ន្ធមួយចំនួន។

បន្ទាប់ពីការសាកសួរ និងអនុវត្តនីតិវិធីដោយមានការ សម្របសម្រួលពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា អយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការ ដោយឈានទៅឃាត់ ខ្លួនជនសង្ស័យបន្ថែមចំនួន ០២នាក់ទៀត នៅវេលាម៉ោង ១៦:៣០នាទី នៅចំណុចភូមិកោះចារ ឃុំមោង ស្រុកមោងឫស្សី។

ជនសង្ស័យទាំងពីររួមមាន៖ ១. ម៉ៅ មេឃ ភេទប្រុស អាយុ២៣ឆ្នាំនិង២. ឃុត ផល ភេទប្រុស អាយុ៣៣ឆ្នាំ។

ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងបន្ថែម រួមមាន ថ្នាំញៀនប្រភេទ ICE ចំនួន ០២ថង់ ទម្ងន់ ១៦,២ក្រាម ទូរស័ព្ទដៃ ០៣គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង និងម៉ូតូ ០១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់សមត្ថកិច្ចក្នុងការបង្ក្រាបបណ្តាញជួញដូរគ្រឿងញៀននៅមូលដ្ឋាន និងការពារសន្តិសុខសង្គម។ ទន្ទឹមនឹងនេះ អាជ្ញាធរអំពាវនាវឱ្យប្រជាពលរដ្ឋបន្តសហការផ្តល់ព័ត៌មាន ដើម្បីរួមចំណែកកាត់បន្ថយ និងទប់ស្កាត់បទល្មើសគ្រឿងញៀនឱ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print