ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បន្តពង្រឹងវិស័យភស្តុភារកម្ម តាមរយៈកិច្ចប្រជុំក្រុមប្រឹក្សាជាតិលើកទី១០ ដោយផ្តោតលើការលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងការវិនិយោគ ជាពិសេសការស្វែងរកវិធានការកាត់បន្ថយថ្លៃដឹកជញ្ជូន និងភស្តុភារកម្មឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកួតប្រជែង ខណៈវិស័យឯកជនបានបង្ហាញការគាំទ្រ និងប្តេជ្ញាចូលរួមសហការជាមួយរាជរដ្ឋាភិបាល ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិភស្តុភារកម្ម នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិភស្តុភារកម្មលើកទី១០ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការជាតិភស្តុភារកម្ម (គ.ជ.ភ) ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជាច្រើនរូប។
កិច្ចពិភាក្សានេះ ផ្តោតលើវឌ្ឍនភាពនៃ ការសិក្សាប៉ាណូឡិកាភស្តុភារកម្ម (Logistics Dashboard) ដើម្បីជាជំនួយយុទ្ធសាស្រ្តសម្រាប់ការរៀបចំគោលនយោបាយរបស់រាជរដ្ឋាភិបាល និងជាមូលដ្ឋានផ្អែកលើភស្តុភារកម្ម និងសូចនាករជាក់ស្តែងដែលអាចវាស់វែងបាន។ ក្នុងកិច្ចប្រជុំនេះ លោក ស៊ុន ចាន់ថុល បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផ្តល់ធាតុចូលបន្ថែមទៀត ពាក់ព័ន្ធនឹងវិធានការ កាត់បន្ថយតម្លៃភស្តុភារកម្មរបស់កម្ពុជា ដើម្បីអាចរក្សាភាពប្រកួតប្រជែង និងភាពទាក់ទាញវិនិយោគពីបរទេសឱ្យកាន់តែរីកចម្រើន។
ក្នុងកិច្ចប្រជុំនាព្រឹកនេះប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) ឧកញ៉ា ហាក់ លាងហ៊ ក៏បានបង្ហាញការគាំទ្ររាជរដ្ឋាភិបាលក្នុងការបង្កើតក្របខណ្ឌនៃរៀបចំប៉ាណូឡិកាភស្តុភារកម្ម ហើយ សមាគម CLA បានប្តេជ្ញានឹងចូលរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនូវការផ្តល់ធាតុចូលបន្ថែមទៀត ដើម្បីរក្សាភាពលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យនេះ។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ដើម្បីផ្តល់ជំនឿចិតដល់វិនិយោគិន និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងវិស័យភស្តុភារកម្ម រាជរដ្ឋាភិបាលកំពុងមមាញឹកក្នុងការធ្វើសេចក្តីព្រាងច្បាប់ស្តីពី «ភស្តុភារកម្ម»។ សន្ទស្សន៍ការអនុវត្តផ្នែកភស្តុភារ (LPI) របស់កម្ពុជាក្នុងឆ្នាំ ២០២៣ ស្ថិតនៅលេខរៀងទី ១១៥ ក្នុងចំណោមប្រទេស ១៣៩ ដែលនេះបង្ហាញថា ភាពប្រកួតប្រជែងក្នុងវិស័យភស្តុភារកម្មនៅកម្ពុជានៅមានកម្រិតទាំងក្នុងតំបន់ និងសកល៕ដោយ៖តារា










