ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតរបស់លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី នៅគេហដ្ឋាននៃសពស្ថិតនៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សម្តេចប្រធានរដ្ឋសភា បានសម្តែងនូវសេចក្តីតក់ស្លុត និងរន្ធត់ចិត្តឥតឧបមា ចំពោះមរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលបានធ្វើមរណកាល កាលពីថ្ងៃសុក្រ ១រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ០១:១២នាទីរសៀល ក្នុងជន្មាយុ ៨៥ឆ្នាំ ដោយជរាពាធ។
សម្តេចរដ្ឋសភាធិបតី បានចាត់ទុកថា មរណភាពរបស់អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន គឺជាការបាត់បង់នូវបងស្រី បងថ្លៃ និងម្តាយធំ ដែលប្រកបដោយគុណធម៌ និងព្រហ្មវិហារធម៌ដ៏ល្អប្រពៃ។ កន្លងមក អគ្គមហាឧបាសិកា បានខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានប្អូនៗ ក្មួយៗ ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ។
សម្តេចក៏បានរំលឹកពីគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់សព ដែលជាអតីតសាស្ត្រាចារ្យដ៏ចំណាន និងជាពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងធនធានផ្ទាល់ខ្លួន ក្នុងការចូលរួមអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងការងារមនុស្សធម៌យ៉ាងសកម្ម។
ក្នុងបរិយាកាសដ៏សែនវិយោគនេះ សម្តេចរដ្ឋសភាធិបតី ប្រធានរដ្ឋសភា បានសម្តែងនូវការសោកស្តាយ អាឡោះអាល័យជាពន់ពេកជាមួយក្រុមគ្រួសារនៃសពចំពោះការបាត់បង់ដ៏ធំធេងនេះ និងបានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ សិលា














