ឃាត់ខ្លួនអ្នកទិញតាមផ្លូវ ឈានដល់ការឆ្មក់ចូលបន្ទប់ជួលចាប់មេក្លោងជួញដូរគ្រឿងញៀន និងបក្ខពួក ៦នាក់ទៀត ខណៈកំពុងចាក់ថ្នាំចោលក្នុងបង្គន់

ចែករំលែក៖

ខេត្តកណ្តាល÷ កម្លាំងនគរបាលស្រុកអង្គស្នួលបានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឆ្មក់ចូលបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅក្នុងបន្ទប់ជួលមួយកន្លែង ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៧នាក់ ព្រមទាំងដកហូតបានថ្នាំញៀន និងវត្ថុតាងមួយ ចំនួន ខណៈមុខសញ្ញាជួញដូរម្នាក់ទៀតបានរត់គេចខ្លួន។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង ១១និង ២០នាទី ថ្ងៃទី៦ មេសា ២០២៦ នៅចំណុចបន្ទប់ជួលក្នុងភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

 

លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ ខ្លួនសរុបមាន ៧នាក់ (ស្រី ៣នាក់) ក្នុងនោះមានម្ចាស់បន្ទប់ឈ្មោះ សឿន ដេវីត ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកជួញដូរផ្ទាល់ និងធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំ៦ខែ ពីបទគ្រឿងញៀន។ ចំណែកជនសង្ស័យ ៦នាក់ទៀត រួមមានឈ្មោះ សន ថា ភេទ ប្រុសអាយុ ២២ឆ្នាំ,ឈ្មោះ ឃី សុខណែត ភេទ ប្រុស អាយុ ២៣ឆ្នាំ,ឈ្មោះ សុខ វិសាល ភេទ ប្រុស អាយុ២៣ឆ្នាំ ឈ្មោះ ង៉ែត ស្រីនុត ភេទស្រី អាយុ ២៤ឆ្នាំ, ឈ្មោះ ជៃ សុភ័ណ្ឌ ភេទស្រី អាយុ២០ឆ្នាំ និងឈ្មោះ អឿន ឡៃអ៊ី ភេទស្រី អាយុ ២៦ឆ្នាំ។ ដោយ ឡែកជនសង្ស័យឈ្មោះ តន់ សុហនីន ភេទប្រុស អាយុ ៣០ឆ្នាំ ដែលជាអ្នកជួញដូរជាមួយគ្នា បានរត់គេចខ្លួន។ វត្ថុតាងដកហូតរួមមាន ថ្នាំញៀន ១កញ្ចប់មធ្យម ទម្ងន់ ១.១២ក្រាម ប្រាក់ ៣៧០០០រៀល ម៉ូតូហុងដាឌ្រីម ១ គ្រឿង និងទូរស័ព្ទដៃ ៥គ្រឿង។

 

លោកអធិការបានបន្តថា មុនឈានដល់ការឆ្មក់ចូល បន្ទប់ជួល កម្លាំងនគរបាលបានល្បាតតាមផ្លូវ និងឃាត់ ខ្លួនឈ្មោះ សន ថា និងឈ្មោះឃី សុខណែត ដែលកំពុង ជិះម៉ូតូឌុបគ្នា ដោយរឹបអូសបានថ្នាំញៀន ១កញ្ចប់។ ពួកគេសារភាពថាបានទិញថ្នាំនេះពីឈ្មោះ សឿន ដេវីត ក្នុងតម្លៃ ៣៧០០០រៀល ទើបសមត្ថកិច្ចបន្តតាមទៅវែកមុខដល់បន្ទប់ជួល និងឃាត់ខ្លួនបក្សពួក ៥នាក់ទៀត ដែលកំពុងប្រមូលផ្ដុំគ្នាប្រើប្រាស់គ្រឿងញៀន។

 

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សឿន ដេវីត បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនមកលក់បន្ត និងរៀបចំឲ្យបក្សពួកប្រើប្រាស់ក្នុងបន្ទប់របស់ខ្លួនប្រាកដមែន ដោយកន្លងមកខ្លួន និងឈ្មោះ តន់ សុហនីន តែងតែទិញថ្នាំញៀនមកចែកចាយ។ អ្វីដែលហួសចិត្តនោះ គឺនៅពេលឃើញសមត្ថកិច្ចចុះទៅដល់ភ្លាម ខ្លួនបានប្រញាប់យកថ្នាំញៀនដែលនៅសល់ទៅចាក់ចោលក្នុងចានបង្គន់បាត់ទៅហើយ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង ៧នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print