ភ្នំពេញ÷ បុរសម្នាក់បានរងរបួសធ្ងន់សន្លប់ស្តូកស្តឹងនិងម្នាក់ទៀតរងរបួសស្រាលខណៈពួកគេជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនឹងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦នៅចំណុចផ្លូវ១០០៧កែងនឹងផ្លូវ១៩៨៦ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូម៉ាកស្គូពីពណ៌ផ្កាឈូកលាយសពាក់ស្លាកលេខភ្នំពេញ1AS-4085 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុក៏បានបុកជាមួយនឹងម៉ូតូ១គ្រឿងម៉ាកស្គូពីពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1LF- 0013 ក្នុងទិសដៅបញ្ច្រាសគ្នាបណ្តាលឲ្យភាគីម្ខាងរងរបួសធ្ងន់សន្លប់ស្តូកស្តឹងតែម្តង ហើយភាគីម្ខាងទៀតបានរងរបួសស្រាល ចំណែកម៉ូតូទាំង២គ្រឿងរងការខូចខាត។
ក្រោយកើតហេតុសាច់ញាតិខាងជនរងគ្រោះបានយករថយន្តមកដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យ។ដោយឡែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលភ្នំពេញថ្មីរង់ចាំភាគីទាំងពីរមកដោះដ្រាយគ្នានៅពេលក្រោយ៕
ដោយ÷ចន្ទ លីហ្សា










