វិមានរដ្ឋសភា៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ នេះ បានអនុញ្ញាតឱ្យ លោក ត្រឹន កឹមទូ (Trần Cẩm Tú) សមាជិកការិយាល័យនយោបាយ និងជាសមាជិកប្រចាំការនៃគណៈលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងស្មារតីពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។
នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញមកលើការស្វែងរកយន្តការជាក់ស្តែងរួមថ្មីៗ ដើម្បីជំរុញទំហំពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យសម្រេចបានដល់ ២០ពាន់លានដុល្លារ នាពេលខាងមុខ។ បន្ថែមលើនេះ ភាគីថ្នាក់ដឹកនាំទាំងពីរក៏បានផ្លាស់ប្តូរយោបល់គ្នាក្នុងការត្រៀមរៀបចំព្រឹត្តិការណ៍ និងកម្មវិធីរួមគ្នា ដើម្បីអបអរសាទរខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងវៀតណាម ដែលនឹងឈានចូលមកដល់ក្នុងឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលបានចាក់ឫសយ៉ាងជ្រៅ និងមានភាពធន់ ដោយតម្កល់ផលប្រយោជន៍ប្រជាជនជាស្នូល។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានសម្តែងការអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់នៃមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាម ដែលទើបបញ្ចប់កាលពីខែមករា ឆ្នាំ២០២៦ កន្លងទៅ ។ សម្តេចបានកត់សម្គាល់ដោយក្តីរីករាយចំពោះការកើនឡើងនៃតួលេខស្ត្រីក្នុងរដ្ឋសភាវៀតណាមក្នុងនីតិកាលទី១៦ នេះ រហូតដល់ជាង ៣៥% ដែលនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់លើសមភាពយេនឌ័រ។ ជាមួយគ្នានេះ សម្តេចប្រធានបានសង្កតធ្ងន់ថា ក្រោមមគ្គទេសក៍ដឹកនាំរបស់ លោក តូ ឡាំ (Tô Lâm) អគ្គលេខាធិការបក្ស និងជាប្រធានាធិបតី សាធារណរដ្ឋសង្គមនិយមវៀតណាមនឹងមានសន្ទុះសេដ្ឋកិច្ចដ៏ខ្លាំងក្លា វិវត្តខ្លួនជា “មហាអំណាចកណ្តាល” ដ៏លេចធ្លោ និងឈានទៅសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនកា្លយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៤៥ ខាងមុខ។
ពាក់ព័ន្ធនឹងសភាពការណ៍ក្នុងប្រទេស សម្តេចរដ្ឋសភាធិបតី បានជម្រាបជូនប្រតិភូថា កម្ពុជាកំពុងដើរលើផ្លូវដ៏ត្រឹមត្រូវក្នុងការកសាងសេដ្ឋកិច្ចជាតិឱ្យរឹងមាំ ធន់ និងមានសាមគ្គីភាពជាធ្លុងមួយ។ កម្ពុជានៅតែបន្តអនុវត្តតាមចក្ខុវិស័យដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ខាងមុខ។
ជាការឆ្លើយតប លោក ត្រឹន កឹមទូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចប្រធានរដ្ឋសភា នូវការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំលើការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបន្តនាំប្រទេស និងប្រជាជនកម្ពុជាឆ្ពោះទៅរកការរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ ឯកឧត្តម ត្រឹន កឹមទូ ក៏បានស្នើឱ្យប្រទេសទាំងពីរបន្តពង្រឹងជំនឿទុកចិត្តផ្នែកនយោបាយ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ វិនិយោគ ទេសចរណ៍ និងការធានាសន្តិសុខតាមព្រំដែន ដោយរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ។
ក្នុងក្របខណ្ឌរដ្ឋសភា ភាគីថ្នាក់ដឹកនាំទាំងពីរបានប្តេជ្ញាបន្តអនុវត្តអនុស្សរណៈនៃយោគយល់ (MoU) ដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងជំរុញការផ្លាស់ប្តូរព័ត៌មាន និងការផ្លាស់ប្តូរទស្សនកិច្ចទៅវិញទៅមករវាងថ្នាក់ដឹកនាំជាន់ខ្ពស់, គណៈកម្មការជំនាញ, ក្រុមមិត្តភាពសភា ,ក្រុមសមាជិកសភាស្ត្រី ,ក្រុមសមាជិកសភាវ័យក្មេង និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។ បន្ថែមលើនេះ ភាគីទាំងពីរនឹងបន្តចែករំលែកបទពិសោធន៍លើការងារនីតិកម្ម ការងារកែទម្រង់ស្ថាប័ន និងការធ្វើទំនើបកម្មទៅជាសភាឌីជីថល ដើម្បីបម្រើផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ព្រមទាំងរួមចំណែកដល់សុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
ដោយ ៖ សិលា














