ខេត្តកំពង់ស្ពឺ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបាន ឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះថា ជូនសង្ស័យពាក់ព័ន្ធករណីជួយដូរនឹងប្រើប្រាស់គ្រឿងញៀនម្នាក់ត្រូវបានឃាត់ខ្លួន រួចហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់។
ប្រភពបានឱ្យដឹងថា ដោយអនុវត្តតាមការចង្អុលបង្ហាញរបស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកង រាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១២:១៨នាទីរសៀល នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មេីស សហការជាមួយកម្លាំងមូលដ្ឋានកង រាជអាវុធហត្ថក្រុងច្បារមន និងកម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានបង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ស្ថិតនៅក្នុងភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ជនសង្ស័យមានឈ្មោះ សំ សារិទ្ធ ភេទប្រុស អាយុ៤២ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ចាប់យកវត្ថុតាងបានរួមមាន៖ម្សៅក្រាមថ្លាសង្ស័យជាសារធាតុញៀនចំនួន០២កញ្ចប់,ទូរស័ព្ទចំនួន០២គ្រឿង,កាបូបលុយចំនួន០១,ថង់ច្រកគ្រឿងញៀន និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










