សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា គម្រោង«ព្រែកជីកហ្វូណនតេជោ» នឹងបន្តធ្វើជានិច្ចមិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ 

ចែករំលែក៖

ខេត្តតាកែវ ៖ ថ្លែងចេញពីទឹកដីទិសនិរតីនាខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គម្រោង«ព្រែក ជីកហ្វូណនតេជោ» នឹងបន្តធ្វើជានិច្ចមិនជាប់គាំងដូចការលើកឡើងរបស់ជនអគតិមួយចំនួនតូចនោះឡើយ ខណៈ គម្រោងជាប្រវត្តិសាស្រ្តនេះនឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ប្រជាជនកម្ពុជា។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះក្នុងគ្រាអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កំណាត់ទី២ ដែលមានប្រវែង១៥១,៦គីឡូម៉ែត្រ (ព្រែកពោធិ៍ ខេត្តកណ្ដាល-សមុទ្រ ខេត្តកែប) ។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍទិសនិរតី។ ផ្លូវទឹកមួយនេះ នឹងក្លាយជាសរសៃឈាមភ្ជាប់ទិសខាងជើង និងខាងត្បូង។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ផ្លូវទឹក (ព្រែកជីកហ្វូណនតេជោ) នឹងតភ្ជាប់មិនត្រឹមតែការដឹកជញ្ជូនក្នុងប្រទេសកម្ពុជាទេ តែគឺនឹងតភ្ជាប់ទៅកាន់តំបន់ និងពិភពលោកផងដែរ។ គម្រោងព្រែកជីកហ្វូណនតេជោ នឹងលើកកម្ពស់មុខមាត់កិត្តិយសប្រទេសកម្ពុជា និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

 

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានបង្ហើបថា សម្តេចគ្រោងនឹងធ្វើដំណើរតាមផ្លូវ ទឹកនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលកំពុងដំណើរការសាងសង់ដោយមិនឱ្យអាជ្ញាធរតាមបណ្ដាខេត្តនៃផ្លូវទឹករបស់ គម្រោងដឹងនោះឡើយ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅអំឡុងពេលសាងសង់ និងក្រោយពេលសាងសង់រួច។

 

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា “ការសាងសង់ព្រែកជីកហ្វូណនតេជោ រាជរដ្ឋាភិបាលមានទិសដៅធ្វើយ៉ាងណាគឺឱ្យខ្មែរយើងកាន់តែរឹងមាំ ភាពម្ចាស់ការក្នុងការធានានូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសមត្ថភាពរបស់កម្ពុជាក្នុងការធានាម្ចាស់ការលើគ្រប់វិស័យ មានផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក ដែលជាគោលដៅអាទិភាព របស់រាជរដ្ឋាភិបាលច្រើនអាណត្តិមកហើយ។ នេះជាចក្ខុវិស័យច្បាស់លាស់ ក្នុងការបង្កើននូវសមត្ថភាព ឯករាជ្យភាព និងភាពម្ចាស់ការនៅក្នុងបង្កើនកម្លាំងសេដ្ឋកិច្ច»៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print