អន្តរជាតិ ៖ ពេលថ្មីៗកន្លងទៅនេះ ទន្ទឹមនឹង«ផែនការមេអំពីតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ប្រទេសចិន(ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង)»ត្រូវបានចេញផ្សាយ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ចិនបានមានចំនួនសរុបឡើងដល់២៣។ មតិអន្តរជាតិបានយល់ឃើញថា នៅឆ្នាំចាប់ផ្តើមនៃការអនុវត្ត “ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៥” ការបន្ថែមថ្មីនៃតំបន់ពាណិជ្ជកម្មសេរីរបស់ចិនមិនត្រឹមតែបានជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបំពេញបន្ថែមភាពប្រាកដប្រជាកាន់តែច្រើនដល់ពិភពលោកដែលមានភាពរង្គោះរង្គើផងដែរ ដែលបង្ហាញពីការប្តេជ្ញាចិត្តនិងទំនួលខុសត្រូវរបស់ចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ។
ហេតុអ្វីបានជាតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថ្មីត្រូវបានបង្កើតឡើងនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង? ទីមួយ គឺដោយសារតំបន់នេះមានឧត្តមភាពផ្នែកទីតាំងភូមិសាស្ត្រដ៏ពិសេស ។ ក្នុងប្រវត្តិសាស្ត្រ ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងធ្លាប់ជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៃ”ផ្លូវសូត្រវាលស្មៅ”និង”ផ្លូវតែមួយម៉ឺនលី” ហើយសព្វថ្ងៃនេះ វាជាទីតាំងគន្លឹះមួយនៃការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងរបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ី ។ លើសពីនេះទៀត ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងក៏មានមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការបើកទូលាយចំពោះបរទេសផងដែរ។ តាមទិន្នន័យបង្ហាញឱ្យដឹងថា នៅឆ្នាំ២០២៥ ទំហំនាំចេញនាំចូលសរុបខាងពាណិជ្ជកម្មជាមួយបរទេសក្នុងតំបន់បានឡើងដល់០,២២ទ្រីលានយាន់ប្រាក់ចិន ដែលបំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ បច្ចុប្បន្ននេះ ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងមានទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសនិងតំបន់ចំនួន២០១នៅទូទាំងពិភពលោក ហើយទំហំនាំចេញនាំចូលជាមួយបណ្តាប្រទេសដែលរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”ត្រូវជា៧៨,៦ភាគរយនៃទំហំសរុបនៃពាណិជ្ជកម្មជាមួយបរទេស។ការបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីនៅទីនេះ គឺមានអំណោយផលដល់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសជិតខាង ជំរុញការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ”និងការកសាងរបៀងសេដ្ឋកិច្ចចិន-ម៉ុងហ្គោលី-រុស្ស៊ីឱ្យមានភាពកាន់តែស៊ីជម្រៅនិងកាន់តែរឹងមាំ ក៏ដូចជាជំរុញឱ្យដំណើរវិលជុំជាតិនិងអន្តរជាតិមានភាពរលូន ។
ការបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង គឺជាការអនុវត្តជាក់ស្តែងថ្មីបំផុតរបស់ចិនក្នុងការជំរុញកំណែទម្រង់និងការបើកទូលាយ ។ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងអស់រយៈពេលជាង១០ឆ្នាំ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីរបស់ចិនបានបង្កើតជានិម្មាបនកម្មថ្មីដែលគ្របដណ្តប់ទិសដៅទាំងអស់ទូទាំងប្រទេសនិងធ្វើការសម្របសម្រួលការបើកទូលាយតាមតំបន់ឆ្នេរសមុទ្រ តំបន់ដីគោក និងតំបន់ព្រំដែន។ តើការបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីថ្មីនឹងនាំមកនូវអ្វីខ្លះដល់ពិភពលោក?
បើមើលពីការអនុវត្តជាក់ស្តែង ក្នុងនាមជាតំបន់ដែលមានកម្រិតសេរីភាពនិងភាពងាយស្រួលលើវិស័យពាណិជ្ជកម្មនិងវិនិយោគខ្ពស់បំផុត តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីបានផ្តល់ឱកាសវិនិយោគនិងពាណិជ្ជកម្មយ៉ាងច្រើនដល់សហគមន៍អន្តរជាតិ ដើម្បីចែករំលែកភាគលាភអភិវឌ្ឍន៍របស់ចិនឱ្យបានកាន់តែល្អ ។ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងដែលទើបបានបង្កើតឡើងមានធនធានថាមពល ធនធានកសិកម្មនិងបសុសត្វដ៏សម្បូរបែប មានលំហរកំណើននៃឧស្សាហកម្មងើបឡើងថ្មីដូចជាប្រព័ន្ធគណនាបៃតង និងសេដ្ឋកិច្ចឌីជីថលជាដើម ។ នេះនឹងផ្តល់ជម្រើសវិនិយោគកាន់តែច្រើនដល់មូលធនសកល និងផ្តល់ទីផ្សារកាន់តែទូលំទូលាយនិងបរិយាកាសប្រកបអាជីវកម្មកាន់តែមានគុណភាពល្អដល់សហគ្រាសទូទាំងពិភពលោក ។
ទន្ទឹមនឹងនេះ ក្នុងបរិបទដែលជម្លោះភូមិសាស្ត្រនយោបាយមានសភាពកាន់តែធ្ងន់ធ្ងរ និងហានិភ័យខាងចរាចរណ៍ទំនិញសកលបានកើនឡើង បន្ទាប់ពីបង្កើតតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីនៅភូមិភាគស្វយ័តម៉ុងហ្គោលីក្នុង វានឹងធ្វើឱ្យមានភាពរលូនថែមទៀតនូវ”ច្រកមាស”ដែលតភ្ជាប់ប្រទេសចិន ម៉ុងហ្គោលីនិងរុស្ស៊ី រហូតដល់ទ្វីបអឺរ៉ុប ដែលផ្តល់ផ្លូវពាណិជ្ជកម្មកាន់តែមានភាពធន់ដល់ពិភពលោក ។
ពី”ផ្លូវសូត្រវាលស្មៅ”ដល់ “វេទិកាពាណិជ្ជកម្មសេរី” នេះមិនត្រឹមតែជាការលោតផ្លោះជាប្រវត្តិសាស្ត្រពីតំបន់ដីគោកទៅកាន់ទីតាំងជួរមុខនៃការបើកទូលាយរបស់ភូមិភាគស្វយ័តម៉ុងហ្គោលីក្នុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធានការដ៏សំខាន់របស់ចិនក្នុងការពង្រីកការបើកទូលាយចំពោះបរទេសប្រកបដោយកម្រិតខ្ពស់ ហើយក៏ជាកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីចែករំលែកកាលានុវត្តភាពអភិវឌ្ឍន៍ជាមួយពិភពលោកផងដែរ ៕
ប្រភព ៖ (CCFR)











