ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលនៃអធិការដ្ឋានស្រុករតនៈមណ្ឌលបានឲ្យដឹងនៅថ្ងៃទី១១ ខែមេសានេះថា នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង២១និង១៥ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល បានទទួលបណ្ដឹងពីឈ្មោះ ទឿប វិសាល ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង (ប្រធាន ក្រុមប្រចាំស្រុករតនមណ្ឌល អគ្គីសនីជាតិកម្ពុជា) មានករណីលួច (កាត់ខ្សែភ្លើង)កើតឡើង ប្រព្រឹត្តដោយជន សង្ស័យមិនស្គាល់អត្តសញ្ញាណនៅចំណុច រកាភឹង ស្ថិត ក្នុងភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានធ្វើសកម្មភាពចូលលួចកាត់ខ្សែកាបអុបទិច និងដុំបញ្ជូនទិន្នន័យ ។ សម្ភារៈបាត់បង់រួមមាន៖ ដុំបញ្ជូនទិន្នន័យចំនួនចំនួន០២ដុំ (គិតជាទឹកប្រាក់ចំនួន ៣០០០ដុល្លា) ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រែង នៃអធិការដ្ឋាននគរបាលស្រុករតនមណ្ឌល ដឹកនាំដោយលោកវរសេនីយ៍ឯក សន និល អធិការនគរបាលស្រុករតនមណ្ឌល បានចុះធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង ១៣និង០០នាទី ថ្ងៃ១០ ខែមេសា ឆ្នាំ២០២៦ ទើបឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លឿម តុលា ភេទប្រុស អាយុ ៤០ឆ្នាំ ទីលំនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាំយកមកសាកសួរនៅ អធិការដ្ឋាននគរបាលស្រុករតនមណ្ឌល។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពយកញញួរ និងកាំបិតកែឆ្នៃ ឡើងបង្គោលខ្សែរកាបអុបទិក លួចកាត់ខ្សែកាបអុបទិច និងដុំបញ្ជូនទិន្នន័យចំនួន០៣លើក៖
-លើកទី០១ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល២០និង០០នាទី ខ្លួនបានធ្វើសកម្មភាពឡើងបង្គោលភ្លើង លួចខ្សែកាបអុបទិចចំនួន០២សសៃ និងដុំបញ្ជូនទិន្នន័យចំនួន០១។
-លើកទី០២ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦វេលាម៉ោង១៨និង០០នាទី ខ្លួនបានធ្វើសកម្មភាពលួចខ្សែកាបអុបទិចចំនួន២សសៃ និងដុំបញ្ជូនទិន្នន័យ ចំនួន០១ដុំ។
-លើកទី៣ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២១និ១៥នាទី ខ្លួនបានធ្វើសកម្មភាពលួចខ្សែកាបអុប ទិចចំនួន២សសៃ និងដុំបញ្ជូនទិន្នន័យចំនួន០១ដុំនៅ ចំណុចកើតហេតុខាងលើ ពិតប្រាកដមែន ។ វត្ថុតាងដកហូតរួមមាន៖ ខ្សែកាបអុបទិចចំនួន ២០សសៃ, ដុំបញ្ជូនទិន្នន័យចំនួនចំនួន០១ដុំ, ញញួរដងដែក ចំនួន០១, កាំបិតឆ្នៃចំនួន០១ ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុករតនមណ្ឌល សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










