ជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងខ្លាំង រំខានដល់ញាតិជិតខាង ក៏មានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច ផ្ទុះកំហឹងស្ទុះទៅទាញដាវ ដែលកែច្នៃលាក់ទុកតាមរកដេញកាប់ 

ចែករំលែក៖

ខេត្តសៀមរាប៖ មន្ត្រីនគរបាលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី១៤ខែមេសានេះថានៅវេលាម៉ោង២១ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ មានក្មេងទំនើងឈ្មោះ វ៉ាន់ បានដឹកគូរកនពីរនាក់ ប្រដាប់ដោយដាវ ហាក់ចង់បើកឆាក ប្រយុទ្ធជាមួយសត្រូវ ធ្វើឱ្យប្រជាពលរដ្ឋមានការភ័យ ខ្លាច អំពីសុខសុវត្ថិភាពរបស់ពួកគាត់ និងក្រុមគ្រួសារ ដែលរស់នៅក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 

សមត្ថកិច្ចខេត្តសៀមរាបបន្តថា បន្ទាប់ពីទទួលបានព័ត៌មានករណីខាងលើភ្លាម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ចាត់ឱ្យកម្លាំងជំនាញព្រហ្មទណ្ឌ ចុះស្រាវជ្រាវ ស្វែងរកមុខសញ្ញាពាក់ព័ន្ធរហូតដល់នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ ២០២៦ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ នាំខ្លួនមុខសញ្ញាចំនួន ៣នាក់ មកធ្វើការស្រង់ចម្លើយ៖

 

ឈ្មោះ ឃោ ចេន ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរកសិករ ទីស្រុកកំណើតភូមិពោរីង ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប និងស្នាក់បច្ចុប្បន្ននៅភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម (អ្នកកាន់ដាវ),ឈ្មោះ រឿន សុវណ្ណ ហៅក្រៅ វ៉ាន់ ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរនេសាទ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាបនិងឈ្មោះ រឿង តុលា ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរនេសាទ ស្រុកកំណើត និងទីលំនៅបច្ចុប្បន្ន ភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប។

 

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ឃោ ចេន ភេទប្រុស ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន (លទ្ធផលវិជ្ជមាន) ឆ្លើយសារភាពថា រូបគេពិតជាបានកាន់ដាវដងដែកប្រវែង ៨០ ស.ម បំរ៉ុងធ្វើសកម្មភាពកាប់ទៅលើភាគីម្ខាងទៀត ដោយសារខឹងមានគេស្រែកជេរមកលើខ្លួន តែខ្លួនពុំចាំមុខអ្នកជេរនោះទេ។ ចំពោះអាវុធជាដាវ គឺរូបគេបានកែច្នៃដោយខ្លួនឯង ហើយអំឡុងពេលមានទំនាស់ពាក្យសម្ដីគ្នានោះ ក៏បានទៅយកដាវកែច្នៃ និងហៅឈ្មោះ រឿន សុវណ្ណ និងឈ្មោះ រឿង តុលា ឱ្យមកតាម។

 

នៅចំពោះមុខជនសង្ស័យឈ្មោះ រឿន សុវណ្ណ (ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលវិជ្ជមាន) ត្រូវបានឈ្មោះ ឃោ ចេន ហៅទៅកន្លែងកើតហេតុ តែរូបគេពុំដឹងរឿងមុន និងមានចេតនាទៅប្រព្រឹត្តបទល្មើស កម្លាំងសមត្ថកិច្ចបានសម្រេច បង្វែរទៅឱ្យមណ្ឌលស្តារនីតិសម្បទា និងបន្សាបគ្រឿងញៀន។

 

ចំណែកឈ្មោះ រឿង តុលា (ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន លទ្ធផលអវិជ្ជមាន) ត្រូវបានឈ្មោះ ឃោ ចេន ហៅទៅកន្លែងកើតហេតុដែរ ក៏ពុំដឹងរឿង និងមានចេតនា ចង់ចូលរួមប្រព្រឹត្តបទល្មើសដែរ ទើបអនុញ្ញាតឱ្យក្រុមគ្រួសារធានាត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះ អាសន្ន ដោយធ្វើកិច្ចសន្យាអប់រំ និងចូលខ្លួនតាមការកោះ ហៅពេលក្រោយ។

 

វត្ថុតាងដែលសមត្ថកិច្ចដកហូតបាន ដាវដងដែកចំនួន ១ ដើម ប្រវែង ៨០ ស.ម ជាកម្មសិទ្ធិរបស់ឈ្មោះ ឃោ ចេន ដែលបានកែច្នៃដោយខ្លួនឯង។

 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

 

ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីនេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានអំពាវនាវដល់យុវជន យុវនារីទាំងអស់ សូមជៀសឆ្ងាយពីគ្រឿងញៀន បើកបរគោរពច្បាប់ចរាចរណ៍ និងកាត់បន្ថយអំពើហិង្សាគ្រប់ប្រភេទ ដើម្បីឱ្យខេត្តសៀមរាបទាំងមូល ទទួលបាននូវសុខសុវត្ថិភាព និងក្តីរីករាយទាំងអស់គ្នា៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print