ខឹងម្តាយក្មេងទម្លាយអាថ៌កំបាំងរបស់ខ្លួនក៏នាំក្មួយអាយុ៥ ឆ្នាំទៅសម្លាប់នៅវាលស្រែ,ទីបំផុតសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ

ចែករំលែក៖

ខេត្តសៀមរាប÷ នគរបាលខេត្តសៀមរាប បានបើកការ ស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យ១នាក់ ភ្លាមៗ ពាក់ព័ន្ធករណីឃាតកម្មលើក្មេងប្រុសម្នាក់ នៅស្រុកប្រាសាទបាគង។

 

អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្រោមការយកចិត្តទុកដាក់ពីសំណាក់លោកប្រាក់ សោភ័ណ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប និងការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ព្រមទាំងមានកិច្ចសម្របសម្រួលនីតិវិធីពីលោក សៀង សុខ ព្រះ រាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

 

បន្ទាប់ពីកើតមានអំពើឃាតកម្មដ៏ឃោរឃៅមួយ ក្នុង អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ នៅស្រុកប្រាសាទបាគង ដែលបានឆក់យកជីវិតកុមារតូចម្នាក់ អាយុត្រឹមតែ ៥ ឆ្នាំ។ កុមាររងគ្រោះឈ្មោះ ដួង ពេជ្ជរ៉ា ត្រូវបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២៦ កន្លង ទៅ។ ការបាត់ខ្លួននេះ បានធ្វើឲ្យម្តាយរត់រកទាំងយប់ និងប្រញាប់ដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច។

 

ក្រោយការស្រាវជ្រាវយ៉ាងម៉ត់ចត់ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណជនសង្ស័យបាន គឺឈ្មោះ ឆេន សុខ អាយុ ២៨ ឆ្នាំ (ជាអតីតបងថ្លៃរបស់គ្រួសារសព) សមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានធ្វើការនាំខ្លួនមុខសញ្ញាខាងលើ មកសាកសួរចម្លើយតាមនីតិវិធី។

 

អ្វីដែលធ្វើឲ្យមហាជនកាន់តែរន្ធត់ គឺការសារភាពរបស់ជនសង្ស័យរៀបរាប់ថា ខ្លួនពិតជាបានបោកបញ្ឆោតកុមារ នាំទៅតំបន់ដាច់ស្រយាលក្នុងវាលស្រែ បន្ទាប់មកប្រើកាំបិតចាក់ និងអារ ក សម្លាប់យ៉ាងព្រៃផ្សៃ រហូតបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។

 

មូលហេតុមិនគួរឲ្យជឿ គឺកើតចេញពីការខឹងសម្បារ និងគំនុំផ្ទាល់ខ្លួន ដោយជនសង្ស័យអះអាងថា ម្តាយសពបានបង្ហាញរឿងសម្ងាត់របស់ខ្លួនទៅប្រពន្ធ បណ្តាលឲ្យគ្រួសារខ្លួនបែកបាក់ ហើយគំនុំតូចមួយនេះ បានបម្លែងទៅជាអំពើឃាតកម្មដ៏អាក្រក់បំផុតនេះ។ ជាមួយគ្នានេះ នគរបាលបានធ្វើតេស្តរកសារធាតុញៀនលើជនសង្ស័យខាងលើ ជាលទ្ធផលអវិជ្ជមាន។

 

បច្ចុប្បន្ន សមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់ៗ រួម មាន ម៉ូតូ០១ គ្រឿង និងទូរស័ព្ទដៃ១គ្រឿង។ ករណីឃាតកម្ម គិតទុកជាមុននេះ កម្លាំងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅតុលាការក្នុងថ្ងៃទី១៦ ខែមេសានេះ ដើម្បីចាត់ការផ្តន្ទាទោសជនល្មើសតាមផ្លូវច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print