សមត្ថកិច្ច៖ ប្រជាពលរដ្ឋចោមរោមគប់ដុំថ្មលើរថយន្តមួយគ្រឿងនៅខណ្ឌដូនពេញមិនមែនជាករណីគ្រោះថ្នាក់ចរាចរណ៍ព្យាយាមរត់គេចនោះទេ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្រះចកបានឃាត់ម្ចាស់រថយន្តមួយគ្រឿងដែលប្រជាពលរដ្ឋបានចោមរោមវាយរថយន្ត ដោយសារតែរថយន្តនេះបង្កគ្រោះថ្នាក់ចរាចរណ៍ហើយព្យាយាមបើករត់គេច។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង០៧និង៣០នាទីយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ (ថ្ងៃចូលឆ្នាំថ្ងៃទី៣ ប្រពៃណីជាតិខ្មែរ) ស្ថិតនៅចំណុចផ្លូវលេខ៩០ កែងផ្លូវព្រះស៉ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅក្នុងហេតុការណ៍នេះ រថយន្តត្រូវបានរងការខូចខាតកញ្ចក់មុខក្រោយ, កញ្ចក់ទ្វារមុខខាងស្តាំ, កញ្ចក់ទ្វារក្រោយខាងឆ្វេង, កញ្ចក់មើលក្រោយខាងឆ្វេង,ស្តុបក្រោយមួយគូ និងឆូតចំហៀងខាងឆ្វេង។
ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ លោកទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានភ្លាមៗ កម្លាំងសមត្ថកិច្ចឈរគ្រប់គោលដៅនៃពិធីបុណ្យចូលឆ្នាំជាតិប្រពៃណី ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ បានឃាត់រថយន្តមួយគ្រឿងម៉ាក អាវតា ០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MUSTA.FA ដែលមហាជនក៏ដូចបងប្អូនប្រជាពលរដ្ឋ ស្រែកឆោឡោថា បង្កគ្រោះថ្នាក់ហើយមិនឈប់ មកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីសួរនាំពីហេតុការណ៍។

ក្រោយសួរនាំ ម្ចាស់រថយន្តបានប្រាប់នគរបាលឲ្យបានដឹងពីដំណើររឿងថា នៅមុនពេលកើតហេតុ រូបខ្លួនជាមួយម្ដាយមីងនិងបងប្អូនចំនួន០៥នាក់ ពេលធ្វើដំណើរចេញពីផ្ទះមកដល់ផ្លូវលេខ៩០ កែងផ្លូវព្រះស៉ីសុវត្ថិ អាជ្ញាធរបានដាក់បារាស ហើយក៏បានបត់ស្ដាំតាមបណ្ដោយផ្លូវលេខ៩០ក្នុងទិសដៅពីកើតទៅលិច បានពាក់កណ្ដាលផ្លូវ ស្រាប់តែស្ទះ ពេលនោះក៏មានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មកបុករថយន្តពីក្រោយ ពេលនោះម្ចាស់រថយន្តចុះមកមើលរថយន្តតែមិនឃើញម្ចាស់ម៉ូតូ ដោយម្ចាស់រថយន្តខឹងក៏លើកម៉ូតូនោះបោកផ្ដួលលើផ្លូវ ភ្លាមៗនោះម្ចាស់ម៉ូតូក៏មកដល់ ម្ចាស់រថយន្តបានវាយទៅលើម្ចាស់ម៉ូតូតែមិនត្រូវ ហើយត្រូវបានប្រជាពលរដ្ឋឃាត់បំបែក។ បន្ថែមទៀតនោះ ម្ចាស់រថយន្តមិនចង់វែងឆ្ងាយ បានបើករថយន្តចេញ ត្រូវបានប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវស្រែកឆោឡោ យកដុំថ្មគប់មកលើរថយន្តបណ្តាលឱ្យរងការខូចខាត ចំណែកម្ចាស់ម៉ូតូគេចចេញពីកន្លែងកើតហេតុបាត់ទៅ។

បច្ចុប្បន្នម្ចាស់រថយន្តបានដាក់ពាក្យបណ្ដឹងនិងសូមឲ្យកម្លាំងសមត្ថកិច្ចស្រាវជ្រាវរកជនបង្កដើម្បីយកមកអនុវត្តតាមនីតិវិធី និងសងសំណងនូវការខូចខាតរថយន្ត៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print