ខេត្តសៀមរាប៖ នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ នេះ លោក វរសេនីយ៍ឯក សោម វីរៈនាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្ត សៀមរាប បានបញ្ជាក់ថា ពេលនេះម៉ូតូ ដែលនគរបាលចរាចរណ៍បានដកហូត កំពុងរក្សាទុកនៅស្នាក់ការចរាចរណ៍មាត់ស្ទឹង សូនព្រះរាជដំណាក់ ស្ថិតក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ស្អែកព្រឹកសូមទៅទទួលយក ដោយភ្ជាប់ជាមួយឯកសារទៅផង។
លោក វរសេនីយ៍ឯក សោម វីរៈ បន្តថា ក្នុងអំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មិនមានការដកហូត និងផាកពិន័យទេ គឺគ្រាន់តែធ្វើការណែនាំនៅនឹងកន្លែង ប៉ុន្តែសួរថាហេតុអ្វីនគរបាលឃាត់យកទៅ? លុះត្រាណាតែមិនទទួលយកការណែនាំ របស់សមត្ថកិច្ច។ លោកថា បើសមត្ថកិច្ចឃាត់ក្នុងអំឡុងពេលចូលឆ្នាំនេះ ម៉ូតូប្រហែលជា៥០ ទៅ៦០គ្រឿង ចុះហេតុអ្វីមានតែមានត្រឹមតែ១គ្រឿងទៅ២គ្រឿង?
សូមជម្រាបជូនថា ការធ្វើប្រតិកម្មតបបែបនេះ គឺធ្វើឡើងបន្ទាប់ពីមាន បុរសម្នាក់បានទំលាក់ព័ត៌មានចូលគ្រុបតេឡេក្រាម “សួស្តីបង សុំសួរមួយបងប្អូន ថ្ងៃចូលឆ្នាំទី 1 ក្មួយខ្ញុំបានជិះម៉ូតូដាក់បំពង់ស៊ីម៉ង់ឮ តើច្បាប់ឲ្យចេញចាប់ថ្ងៃចូលឆ្នាំដែរមែន ខេត្តសៀមរាប ពេលអាណាព្យាបាលទៅលុកមកវិញ នៅស្នាក់ការមាត់ស្ទឹងនគរបាលប្រាប់ថាមិនឃើញម៉ូតូនោះទេ” នៅវេលាម៉ោង១៩ និង១៧នាទីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦៕
ដោយ៖ សុរិយា










