ក្នុងរយៈពេលជិត 50 ថ្ងៃ នៃសង្គ្រាមអ៊ីរ៉ង់ ពិភពលោកបានបាត់បង់តម្លៃប្រេងជាង 50 ពាន់លានដុល្លារ ដោយសារការផលិតប្រេងត្រូវបានរារាំង នេះបើយោងតាមការវិភាគ និងការគណនារបស់សារព័ត៌មាន Reuters។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Abbas Araqchi បាននិយាយថា ច្រកសមុទ្រ Strait of Hormuz ត្រូវបានបើកវិញ បន្ទាប់ពីកិច្ចព្រមព្រៀងឈប់បាញ់គ្នា ខណៈដែល លោក Donald Trump បានអះអាងថា កិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអាចកើតឡើង “ឆាប់ៗនេះ” ប៉ុន្តែមិនទាន់មានពេលវេលាច្បាស់លាស់។
តាំងពីចុងខែកុម្ភៈ មក ប្រេងឆៅ និង condensate ជាង 500 លានបារ៉ែល ត្រូវបានដកចេញពីទីផ្សារពិភពលោក ដែលជាការរំខានផ្គត់ផ្គង់ថាមពលធំបំផុតក្នុងប្រវត្តិសាស្ត្រថ្មី។
👉 ចំនួន 500 លានបារ៉ែលនេះ ស្មើនឹង៖
*ការកាត់បន្ថយការធ្វើដំណើរតាមយន្តហោះទូទាំងពិភពលោក 10 សប្តាហ៍
*មិនមានការធ្វើដំណើរដោយយានយន្តទាំងអស់ 11 ថ្ងៃ
*ឬគ្មានប្រេងសម្រាប់សេដ្ឋកិច្ចពិភពលោក 5 ថ្ងៃ
*បរិមាណនេះស្មើនឹងការប្រើប្រាស់ប្រេងជិតមួយខែនៅសហរដ្ឋអាមេរិក ឬលើសមួយខែនៅអឺរ៉ុប និងស្មើនឹងការប្រើប្រាស់ប្រេងរបស់យោធាអាមេរិករយៈពេលប្រហែល 6 ឆ្នាំ។
ផលប៉ះពាល់សំខាន់ៗ៖
បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់បានបាត់បង់ប្រហែល 8 លានបារ៉ែលក្នុងមួយថ្ងៃនៃការផលិតប្រេងឆៅនៅក្នុងខែមីនាដែលស្ទើរតែស្មើនឹងការផលិតរួមគ្នានៃក្រុមហ៊ុន Exxon Mobil និងក្រុមហ៊ុន Chevron ដែលជាក្រុមហ៊ុនប្រេងធំបំផុតពីរនៅលើពិភពលោក។
ការនាំចេញឥន្ធនៈយន្តហោះពីអារ៉ាប៊ីសាអូឌីត កាតា អេមីរ៉ាត់អារ៉ាប់រួម គុយវ៉ែត បារ៉ែន និងអូម៉ង់ បានធ្លាក់ចុះពីប្រហែល 19.6 លានបារ៉ែលក្នុងខែកុម្ភៈ មកត្រឹមតែ 4.1 លានបារ៉ែលសម្រាប់ខែមីនា និងមេសា គិតមកទល់ពេលនេះ បើយោងតាមទិន្នន័យរបស់ Kpler ។
ការខាតបង់ក្នុងការនាំចេញនឹងគ្រប់គ្រាន់សម្រាប់ជើងហោះហើរទៅមកប្រហែល 20,000 ជើងរវាងអាកាសយានដ្ឋាន JFK នៃទីក្រុងញូវយ៉ក និងHeathrowរបស់ទីក្រុងឡុងដ៍ នេះបើយោងតាមការប៉ាន់ស្មានរបស់ Reuters ។
ជាមួយនឹងតម្លៃប្រេងឆៅជាមធ្យមប្រហែល 100 ដុល្លារក្នុងមួយបារ៉ែលចាប់តាំងពីជម្លោះបានចាប់ផ្តើម បរិមាណដែលបាត់ទាំងនោះតំណាងឱ្យប្រហែល 50 ពាន់លានដុល្លារនៅក្នុងប្រាក់ចំណូលដែលបាត់បង់។ នោះស្មើនឹងការកាត់បន្ថយ 1% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំរបស់ប្រទេសអាឡឺម៉ង់ ឬប្រហែល GDP ទាំងមូលនៃប្រទេសតូចៗដូចជាឡាតវី ឬអេស្តូនី។
ការស្ដារឡើងវិញអាចចំណាយពេលយូរ
បើទោះបីជា ច្រកសមុទ្រ Hormuz បានបើកវិញ ក៏ដោយ ការស្ដារផលិតកម្មប្រេងនឹងដំណើរការយឺត៖
ស្តុកប្រេងពិភពលោកបានថយចុះប្រហែល 45 លានបារ៉ែល ហើយការផ្អាកផលិតកម្មឈានដល់ 12 លានបារ៉ែលក្នុងមួយថ្ងៃ។ ចំណែក វាលប្រេងធ្ងន់នៅ ប្រទេសគុយវ៉ែត និងអ៊ីរ៉ាក់ អាចចំណាយពេល 4–5 ខែ ដើម្បីវិលត្រឡប់ទៅធម្មតា។
ការខូចខាតនៅរោងចក្របំលែងប្រេង និងគម្រោង LNG នៅ ប្រទេសកាតា មានន័យថា ការស្ដារប្រព័ន្ធថាមពលទាំងមូល អាចចំណាយពេលជាច្រើនឆ្នាំ៕










