ក្រុមក្មេងស្ទាវ៤នាក់ បង្ហោះម៉ូតូអនាធិបតេយ្យ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ មន្ត្រីនគរបាលស្រុកពញាក្រែកបានឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែមេសានេះថា ក្រុមយុវជន៤នាក់ ដែលរួមមានជនជាតិខ្មែរ២នាក់ និងវៀតណាម២នាក់ ត្រូវបានកម្លាំងនគរបាលស្រុកពញាក្រែក ឆឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបង្ហោះម៉ូតូយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាច និងរំខានដល់សណ្ដាប់ ធ្នាប់សាធារណៈ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។

 

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ក្នុងចំណោមម៉ូតូដែលប្រើប្រាស់ក្នុងសកម្មភាពខាងលើ មានមួយចំនួនពាក់ស្លាកលេខវៀតណាមផងដែរ ដែលបង្កការចាប់ អារម្មណ៍ពីមតិសាធារណៈអំពីការគ្រប់គ្រងយានយន្តឆ្លងដែន។ ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតម៉ូតូ២គ្រឿង និងអនុវត្តវិធានការអប់រំចំពោះយុវជនទាំង៤នាក់។

 

យ៉ាងណាមិញ បន្ទាប់ពីការអប់រំ ត្រូវបានអនុញ្ញាតឲ្យអាណាព្យាបាលមកទទួលយកត្រឡប់ទៅវិញ ខណៈម៉ូតូត្រូវបានរក្សាទុកជាបណ្តោះអាសន្នរយៈពេល៣ខែ ដើម្បីធានាការអនុវត្តច្បាប់ និងជាការព្រមានមិនឲ្យមានការធ្វើសកម្មភាពដូចនេះឡើងវិញ។

 

សាធារណជនបានលើកឡើងថា ករណីនេះបង្ហាញថា ការបង្ហោះម៉ូតូ និងអំពើអនាធិបតេយ្យលើដងផ្លូវ មិនត្រឹមតែបង្កគ្រោះថ្នាក់ដល់ខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែអាចប៉ះពាល់ដល់សុវត្ថិភាពអ្នកដំណើរផ្សេងទៀតផងដែរ។ វាជាបញ្ហាសង្គមដែលទាមទារឲ្យមានការចូលរួមពីគ្រួសារ សាលារៀន និងអាជ្ញាធរ ក្នុងការអប់រំ និងបង្កើនការយល់ដឹងដល់យុវជន។

 

ជាមួយគ្នានេះ អាជ្ញាធរគួរតែបន្តរឹតបន្តឹងការអនុវត្តច្បាប់ និងពង្រឹងការត្រួតពិនិត្យលើយានយន្តមិនមានការចុះបញ្ជីត្រឹមត្រូវ ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពចរាចរណ៍ឲ្យបានល្អប្រសើរឡើង៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print