នគរបាលខេត្តកំពតឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ដែលយកកែវគប់ទៅលេីពលរដ្ឋបែកក្បាល

ចែករំលែក៖

ខេត្តកំពត÷ គ្រាន់តែកែវស្រាអត់ទឹកកកសោះ មន្ត្រីនគរបាលម្នាក់បានយកកែវស្រាគប់ទៅលើស្ត្រីជាអ្នកស៊ីឈ្នួលចាប់ទឹកកកតាមកម្មវិធីម្នាក់ បណ្តាលឱ្យបែកក្បាលនិងត្រូវចំក្រោមភ្នែក ពេលនេះស្នងការខេត្តកំពតបញ្ជាឲ្យនាំខ្លួនមកអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ ទោះជាជនរងគ្រោះមិនទាន់បានទៅដាក់ពាក្យបណ្ដឹងក៏ដោយ ។

 

រឿងហួសចិត្តមួយបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត ដោយស្ត្រីម្នាក់ដែលមានឈ្មោះថា ទិត្យ ធូ ជាអ្នកសុីឈ្នួលចាប់ទឹកកកឲ្យភ្ញៀវតាមកម្មវិធីផ្សេងៗ ត្រូវបានមន្ត្រីនគរបាលម្នាក់ដែលគេស្គាល់ថា បម្រើការងារនៅអធិការដ្ឋាននគរបាលក្រុងកំពត ឈ្មោះ ទេព សុខផេង បានគប់កែវស្រាចំកណ្ដាលមុខ បណ្ដាលឲ្យនាងរងរបួស ត្រូវបានក្រុមកាងារបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ។

 

ប្រភពបានឲ្យដឹងថា ជនរងគ្រោះបានមកចាប់ទឹកកកសុីឈ្នួលក្នុងកម្មវីធីមួយស្ថិតនៅក្នុងបុរីកុសល្យមុីរៀលអុីស្ទេត ឯ.ក ដែលមហាជនស្គាល់ថាម្ចាស់បុរីជារបស់ឪពុកម្ដាយជនបង្កតែម្ដង ស្ថិតក្នុងភូមិអណ្ដូងខ្មែរ សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត។ នៅពេលជិតចប់កម្មវិធីទៅហើយ ស្រាប់តែជនសង្ស័យ ខឹងកែវស្រារបស់ខ្លួនអស់ទឹកកក ហៅជនរងគ្រោះមកចាប់ទឹកកកឲ្យយូរពេក បែរជាយកកែវស្រាគប់ចំកណ្ដាលមុខនាងតែម្ដង បណ្ដាលរបួសបែកក្បាលហូរឈាមពេញមុខ និងត្រូវក្រោមភ្នែកខាងឆ្វេង តែសំណាងល្អហើយដែលមិនត្រូវភ្នែក ទើបក្រុមការងារបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

 

ប្រភពបន្តទៀតថា ជុំវិញរឿងនេះ ភាគីជនរងគ្រោះត្រូវជនបង្កសម្របសម្រួល ឱ្យជនរងគ្រោះទទួលសំណងដើម្បីបញ្ចប់រឿងជាទឹកប្រាក់ចំនួន២លាន ៥០មុឺនរៀលដែរ តែខាងជនរងគ្រោះមិនព្រមនោះទេ ។

 

ជាមួយគ្នាជុំវិញរឿងនេះ នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ គេឃេីញលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះលេីទំព័រហ្វេសប៊ុកផ្លូវការរបស់លោកថា ករណីមន្ត្រីនគរបាលយកកែវគប់មកលេីប្រជាពលរដ្ឋបែកក្បាល ខ្ញុំបានបញ្ជាឲ្យអធិការក្រុងកំពតនាំខ្លួនមកអនុវត្តតាមច្បាប់ ដោយគ្មានការលើកលែង ករណីខាងលេីជនរងគ្រោះមិនបានមកដាក់ពាក្យបណ្ដឹងនោះទេ ទេីបមានការយឺតយ៉ាវក្នុងការទទួលព័ត៌មាន ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print