ភ្នំពេញ ៖ សមត្ថកិច្ចរាជធានីភ្នំពេញ បានធ្វេីការបញ្ជូនខ្លួនជនសង្ស័យ ចំនួន ១១នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ វេលាម៉ោង ១រសៀលថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២៦ ដើម្បីចាត់ការតាមផ្លូវច្បាប់ ក្រោយយកមកបង្ហាញមុខជាសាធារណៈ ។
លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានអោយដឹងថា ដោយអនុវត្តន៍តាមបទបញ្ជា ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនការងារ នគរបាលព្រហ្មទណ្ឌ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ស្រាវជ្រាវរយៈពេល ៣ថ្ងៃ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ១១នាក់ ។
នាយការិយាល័យ បន្តថា នៅថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន១១នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដុំថ្ម ,មួកសុវត្ថិភាព ដៃ ជើង គប់ វាយ លើរថយន្តម៉ាក AVATAR ០៧ ព៌ណខ្មៅ ពាក់ផ្លាកលេខកម្ពុជាMUSTAFA បណ្តាលឲ្យបែកកញ្ចក់រថយន្តខាងមុខនិងខាងក្រោយ,បែកកញ្ចក់ទ្វារ មុខខាងស្តាំ,បែកកញ្ចក់ទ្វារក្រោយខាងឆ្វេង ,បាក់កញ្ចក់មើលក្រោយខាងឆ្វេង,បែកស្តុបខាងក្រោយសងខាង,កំពិត និងឆ្នូតចំហៀងរថយន្ត និង ពីក្រោយ បាត់ផ្លាកលេខរថយន្តកម្ពុជាMUSTAFA ចំនួន ០១ បន្ទះ) ប្រព្រឹត្តនៅចំណុចមុខ ហាងម៉ាស្សាយីហោម៉ាយូរ៉ា ផ្លូវលេខ៤៧ ក្រុម១៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៩ និង ៣០ នាទី ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦។
ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន ១១នាក់ រួមមាន ឈ្មោះ ម៉ាន់ ឡុងថាដា ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យ ព្រះស៊ីសុវត្ថិ , ឈ្មោះ សុខ ជា ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ កម្មករតម្លើងឧបករណ៍ហាត់ប្រាណ , ឈ្មោះ ឆុន រ៉ាយុទ្ធ ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យវត្តភ្នំ , ឈ្មោះ ឯក សុខមាន់ ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ ដឹកជញ្ជូនម្ហូប , ឈ្មោះ នី សាគី ហៅភ្លោះ ភេទ ប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ មុខរបរ លក់ដូរ , ឈ្មោះ នី រ៉វី ភេទ ប្រុស ឆ្នាំកំណើត២០០៦ ជនជាតិខ្មែរ មុខរបរ លក់ដូរ , ឈ្មោះ មឿន ពិសី ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រ , ឈ្មោះ ញ៉ ឆាលី ភេទ ប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ មុខរបរ កម្មករសិប្បកម្មប្រេងខ្យង , ឈ្មោះ សូរ្យ វិសុទ្ធ ភេទប្រុស ឆ្នាំកំណើត២០០៨ ជនជាតិខ្មែរ , ឈ្មោះ ភឹម វិសាល ភេទ ប្រុស ឆ្នាំកំណើត២០០៩ ជនជាតិ ខ្មែរ , ឈ្មោះ ហូសាន់ សើហ្វីអី ភេទ ប្រុស ឆ្នាំកំណើត២០០៩ ជនជាតិខ្មែរ និងមានវត្ថុតាង ដុំថ្មចំនួន ០៤ដុំ , ស្លាកលេខរថយន្តចំនួន០១បន្ទះ រួមសំបកដូរចំនួន ០១ ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១១នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ដោយ៖សុខាសែនជ័យ










