ខេត្តកំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខា នៅព្រឹក ថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ បានចាត់ លោក ទូច ឆៃ នាយកសាខា រួមជាមួយមន្ត្រីអនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋ ១ភូមិ ក្នុងឃុំតាអុង និង ១ភូមិទៀត ក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់ សរុបចំនួន ៨គ្រួសារ ។
ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ៦ល្ងាច ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ដែលពេលនោះ មានភ្លៀង លាយឡំនឹងខ្យល់កន្ត្រាក់បក់គួច យ៉ាងខ្លាំង ធ្វើអោយផ្ទះ ៨ខ្នង ក្នុងភូមិត្រពាំងឈូក និងភូមិប្រសើរ ត្រូវ របើកដំបូលសង្កសី រងផលប៉ះពាល់កម្រិតធ្ងន់ ៣គ្រួសារ និងកម្រិតស្រាល ៥គ្រូសារ។
ក្នុងនាមលោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិកាសាខា លោកនាយកសាខា បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ ចំពោះមហន្តរាយធម្មជាតិ ដែលកើតឡើងដោយស្មានមិនដល់នេះ ។ លោក ទូច ឆៃ បាននាំយក នូវប្រសាសន៍ ផ្ដាំផ្ញើសួរសុខទុក្ខដោយក្តីអាណិតអាសូរ ពីសំណាក់ លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា និងលោកសន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខា ពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ហើយទោះបី សម្តេច មិនបានអញ្ជើញមកផ្ទាល់ ក៏លោក តែងបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា ” ។
លោកនាយកសាខា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ពេលមានភ្លៀង ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ ត្រូវពិនិត្យ រកកន្លែងដែលធានាសុវត្ថិភាព បង្ការការពារខ្លួន ជៀសអោយផុតពីគ្រោះថ្នាក់ដល់រាងកាយ និង អាយុជីវិត ។ ទន្ទឹមនេះ ត្រូវ អនុវត្តវិធានការអនាម័យស្អាត ៣ យ៉ាង ដោយត្រូវយកចិត្តទុកដាក់ថែទាំសុខភាព សំអាតលំនៅដ្ឋាន អោយបានស្អាតល្អ ហើយកែឥរិយាបថ ទម្លាប់រស់នៅ តាមទិសស្លោក “ស្រឡាញ់ខ្លួន អោយស្ងួនចំណី ” ជៀសអោយផុតពីជម្ងឺមិនឆ្លងទាំង ៤ និង សូម ចូលរួមជាមួយសហគមន៍ ពង្រឹងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៨ គ្រួសារនោះ ក្នុង ១គ្រួសារ ទទួលបាន៖
អង្ករ ២៥គក្រ មី ១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ និង ឃីត ១សម្រាប់ ។
ចំពោះថវិកា ផ្តល់ជូនតាមកម្រិតខូចខាតជាក់ស្តែង ពី១០០,០០០ រៀល ដល់ ៤០០,០០០រៀល ៕
ដោយ៖តារា










