ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក្រោមការបញ្ជាការផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការសម្របសម្រួបពីព្រះរាជអាជ្ញា បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scames) និងគ្រឿងញៀន នៅអគារខុនដូរ ZHUOYUFENG ដោយឃាត់ខ្លួនជនបរទេសចំនួន ៥៥នាក់។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមការងារចម្រុះដឹកនាំដោយលោក ហ៊ុន សុរិទ្ធី និងលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ពូ ដាវី មេបញ្ជាការរងកងរាជអាវុធរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង ហៀង និងលោក ថេង សំណាង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាលទីតាំងអគារខុនដូរ ZHUOYUFENG អគារលេខ៥២៤ ផ្លូវបេតុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយករណ៍បានឱ្យដឹងថា លទ្ធផលនៃប្រតិបត្តិការបង្ក្រាបកម្លាំងចម្រុះបានរកឃើញជនបរទេសចំនួន ៥៥នាក់។ ក្នុងនោះមានជនបរទេសស្នាក់នៅខុសច្បាប់ (គ្មានលិខិតឆ្លងដែន លើសទិដ្ឋាការចំនួន ៤៤នាក់។ ជនបរទេសប្រព្រឹត្ត Online Scam មានជនជាតិវៀតណាមចំនួន ១១នាក់ (ស្រី ០៣នាក់)។
វត្ថុតាងចាប់យករួមមាន៖ កុំព្យូទ័រយួរដៃ ចំនួន ១៤គ្រឿង, ទូរស័ព្ទដៃចំនួន ០៦គ្រឿង និងគ្រឿងញៀនចម្រុះទម្ងន់មានទម្ងន់សរុបប្រហែល ១០គីឡូក្រាម។
ជាលទ្ធផលកោសល្យវិច័យជួញដូរគ្រឿងញៀន និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោមរូបភាពអូសទាញឱ្យជនរងគ្រោះដាក់ប្រាក់ដើម្បីទទួលបានប្រាក់ចំណេញ។ ចំពោះមនុស្សនិងវត្ថុតាងខាងលើបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
សូមគាំទ្រចំណាត់ការរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ក៏ដូចជាសមត្ថកិច្ច ដែលបានខិតខំប្រឹងប្រែង ស៊ើបអង្កេត ស្រាវជ្រាវ គ្រប់មធ្យោបាយ ប្រកបដោយសមត្ថភាព ឈានដល់បង្ក្រាបក្នុងបទល្មើសជាក់ស្ដែង អនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលមានសម្ដេចអធិបតីជាប្រមុខដឹកនាំ ៕
ដោយ : សិលា










