ភ្នំពេញ៖ តារាចម្រៀង និងតារាសម្តែង សឿង ស្រីល័ក្ខកាន់តែលេចធ្លោរជាមួយនឹងអាជីពសិល្បៈក្រោយនាងក្តាប់បានការងារមួយចំនួននៅក្នុងដៃ។ ប្រជាប្រិយភាពកំពុងតែហក់ឈានឡើងបានមួយកម្រិតតារារូបនេះបានប្រកាសចង់ច្រៀងជាមួយបទចម្រៀងនិពន្ធថ្មី(Original Song)ទៀតដើម្បីវាយលុកទីផ្សារ។
ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងពិធីខួបកំណើតឈានចូលវ័យ២១ឆ្នាំរបស់តារាចម្រៀងរូបនេះកាលពីចុងសប្តាហ៍មុននេះនៅក្នុងបរិវេណភោជនីយដ្ឋានFriend City។ តារាស្រីសម្តីថ្នមរូបនេះលើកឡើងថា ក្នុងរយៈពេលជា២ឆ្នាំដែលប្រឡូកក្នុងអាជីពសិល្បៈ នាងទទួលបានការងារច្រើនជាបន្តបន្ទាប់ទាំងការច្រៀងនៅស្ទើរគ្រប់កម្មវិធី ការសម្តែងក្នុងឈុតផ្សព្វផ្សាយពាណិជ្ជកម្ម ហើយថ្មីៗនេះនាងទើបនឹងទទួលបានការថតខ្សែភាពយន្តភាគថ្មីរបស់ផលិតកម្មមហាហង្សគឺរឿង”សង្គ្រាមមរតក”។ តារាស្រីរូបនេះបញ្ជាក់ថា នាងចង់បង្កើនការចាប់អារម្មណ៍ជាមួយនឹងស្នាដៃសិល្បៈតាមរយៈបទចម្រៀងនិពន្ធថ្មី ដែលគេហៅថាOriginal Songនោះ។ ការដែលនាងមានបំណងដូចនេះព្រោះតែបទចម្រៀងថ្មីមិនចម្លងពីបរទេសបច្ចុប្បន្នទទួលបានការគាំទ្រច្រើនបើទោះបីជាមិនច្រៀងនៅក្នុងផលិតកម្មល្បីឈ្មោះក្តី។ នាងបន្តថា នាងចង់បានអ្នកនិពន្ធដែលមានជំនាញនិពន្ធបទភ្លេងនិងទំនុកច្រៀងសម្រាប់រូបនេះ ហើយពេលនេះនាងកំពុងសំឡឹងរកមើលសិន ដែលគម្រោងនេះនាងរំពឹងថា នឹងទទួលបានជោគជ័យនៅពេលខាងមុខ។ តារាស្រីរូបនេះបន្តថា បទចម្រៀងទាំងនេះនឹងក្លាយជាអត្តសញ្ញាណ និងជាមរតកសម្រាប់មនុស្សជំនាន់ក្រោយ ហើយនាងនឹងព្យាយាមធ្វើវាឲ្យបាននៅថ្ងៃខាងមុខ។ សម្រាប់គម្រោងខាងលើនាងនិងចាប់ផ្តើមរៀបចំនៅពេលឆាប់ៗខាងមុខនេះ ខណៈដែលពេលនេះនាងត្រូវការពេលវេលាដើម្បីបញ្ចប់ការច្រៀង និងសម្តែងមួយចំនួនសិនដែរ។ បច្ចុប្បន្នតារាស្រីរូបនេះក៏មានក្រុមចម្រៀងច្រៀងផ្ទាល់ប្រចាំនៅភោជនីយដ្ឋានFriend City នេះផងដែរ។
សម្រាប់ពិធីខួបកំណើតកាលពីថ្ងៃទី១៧ខែកញ្ញានេះដែរ ស្រីល័ក្ខ បញ្ជាក់ថា មានភ្ញៀវប្រមាណជិត១០០នាក់ប៉ុណ្ណោះដែលត្រូវបានអញ្ជើញហើយមួយចំនួនជាអ្នកសិល្បៈ។ សម្រាប់រឿងស្នេហាវិញតារាស្រីរូបនេះបញ្ជាក់ថា នាងមិនទាន់មាននៅឡើយព្រោះតែនាងចង់បន្តការងារសិល្បៈឲ្យបានច្រើន និងជោគជ័យរឿងការងារសិនមុនពេលចាប់ផ្តើមគិតរឿងបង្កើតក្រុមគ្រួសារមួយនោះ។ អ្វីដែលនាងរំពឹងចង់បានគឺកិត្តិយស និងកេរ្តិ៍ឈ្មោះក្នុងការងារជាអ្នកសិល្បៈសិន៕
ដោយ៖ វឌ្ឍនា