ខេត្តបន្ទាយមានជ័យ៖ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើជីវភាពរស់នៅ និងការកសាងបរិស្ថានបៃតងនៅតាមសហគមន៍ថ្មី កាលពិរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នាភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក លោក ឃ្លោក នួយអភិបាលរងខេត្តបន្ទាយមានជ័យ តំណាងលោក អ៊ុំ រាត្រីអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីចែកកូន ឈើហូបផ្លែ និងឈើលម្អដល់ពលរដ្ឋភៀសសឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅបណ្ដោះអាសន្នលើផ្ទះអតីតយុទ្ធជន លោក ឃ្លោក នួយ បានសង្កត់ធ្ងន់ថា ការចែកកូនឈើនាពេលនេះ មិនមែនគ្រាន់តែជាការបំពេញតាមទម្លាប់នោះទេ ប៉ុន្តែវាគឺជាការបណ្តុះនូវ សន្តិសុខស្បៀង និង ម្លប់មេត្រីសម្រាប់គ្រួសារនីមួយៗ។
“កូនឈើមួយដើមដែលបងប្អូនដាំនៅថ្ងៃនេះ នឹងក្លាយជាអាហារ និងជាម្លប់សម្រាប់កូនចៅបងប្អូននៅថ្ងៃអនាគត។ នេះគឺជាមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំ ដែលចង់ឃើញបងប្អូនមានជីវភាពធូរធារ និងរស់នៅក្នុងបរិស្ថានស្រស់ បំព្រង”នេះជាប្រសាសន៍ បន្ថែមរបស់លោកឃ្លោកនួយ។
កម្មវិធីនេះបានផ្តោតសំខាន់លើគ្រួសារពលរដ្ឋភៀសសឹកចំនួន២,៨០៥ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវកូនដើមចាន់គីរី១ដើម បង្កើតជាម្លប់ត្រជាក់ និងសោភ័ណភាពសហគមន៍ និងកូនដើមខ្នុរ១ដើម បង្កើនប្រភពអាហារ និងចំណូលបន្ថែមក្នុងគ្រួសារ ។
ក្នុងនាមតំណាងឱ្យ អភិបាលខេត្ត លោកអភិបាលរងបានរំលឹកដល់បងប្អូនប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែទាំកូនឈើទាំងនេះឱ្យរស់រានមានជីវិតល្អ ព្រោះវាជាតំណាងឱ្យការលូតលាស់នៃជីវភាពថ្មីលើដីមាតុភូមិ។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តសប្បុរសធម៌របស់លោក កែ គឹមយ៉ាន ដែលតែងតែនៅកៀកជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយ មានជ័យគ្រប់កាលៈទេសៈ។
ព្រឹត្តិការណ៍នេះ មិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់ផ្នែកសុខុមាលភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រខ្សែក្រវាត់បៃតង នៅតាមបណ្តោយព្រំដែន និងតំបន់ដាច់ស្រ យាល ដើម្បីប្រែក្លាយតំបន់ធ្លាប់តែមានជម្លោះឱ្យទៅជាតំបន់កសិកម្ម និងសន្តិ ភាពប្រកបដោយនិរន្តរភាព៕
ដោយ៖ សំរិត










