ឆ្នាំ២០២៥ អឺរ៉ុប បំបែកកំណត់ត្រា ចំនួនជនអន្តោប្រវេសន៍ ដោយកើនដល់៦៤.២លាននាក់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា របាយការណ៍សិក្សាមួយចេញផ្សាយនាថ្ងៃពុធ ទី២២ ខែមេសា បានបង្ហាញថា ចំនួនជនអន្តោប្រវេសន៍ដែលកំពុងរស់នៅក្នុងសហភាពអឺរ៉ុប (EU) បានកើនដល់កំណត់ត្រាថ្មីមួយ គឺ៦៤.២លាននាក់កាលពីក្នុងឆ្នាំ២០២៥ ពោលគឺកើនប្រហែល ២.១លាននាក់ ធៀបនឹងឆ្នាំ២០២៤។

របាយការណ៍ខាងលើ រៀបចំដោយមជ្ឈមណ្ឌលស្រាវជ្រាវនិងវិភាគការធ្វើអន្តោប្រវេសន៍ របស់មូលនិធិស្រាវជ្រាវ RFBerlin មានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់។ តួលេខនេះ គឺយោងតាមទិន្នន័យពីទីភ្នាក់ងារស្ថិតិ Eurostat របស់ EU និងទីភ្នាក់ងារជនភៀសខ្លួនរបស់ UN។
ក្នុងនោះ អាល្លឺម៉ង់នៅបន្តជាប្រទេសដែលមានជនអន្តោប្រវេសន៍ច្រើនជាងគេ គឺជិត១៨លាននាក់ ហើយ៧២ភាគរយ ក្នុងចំណោមពួកគេ ស្ថិតក្នុងវ័យអាចបំពេញការងារបាន។ រីឯអេស៉្បាញ បានមើលឃើញកំណើនជនអន្តោប្រវេសន៍ឆាប់រហ័សជាងគេ ដោយបន្ថែមប្រហែល៧០០ ០០០នាក់ទៀត នាំឱ្យចំនួនជនអន្តោប្រវេសន៍សរុបនៅក្នុងប្រទេសរបស់ខ្លួន កើនដល់៩.៥លាននាក់។
ការសិក្សាបានរកឃើញថា លំនាំនៃការធ្វើអន្តោប្រវេសន៍ មានលក្ខណៈមិនស្មើគ្នានៅទូទាំងប្លុក EU ដោយប្រទេសដូចជា លុចសំបួ ម៉ាល់ត៍ និងស៉ីប មើលឃើញចំនួនជនអន្តោប្រវេសន៍មានចំណែកខ្ពស់ នៅក្នុងទំហំប្រជាជនសរុបរបស់ពួកគេ។ ចំណែក ការស្នើសុំសិទ្ធិជ្រកកោន ក៏ត្រូវបានសង្កេតឃើញមានការប្រមូលផ្តុំ នៅតាមប្រទេសមួយចំនួនផងដែរ ដោយអេស៉្បាញ អ៉ីតាលី បារាំង និងអាល្លឺម៉ង់ រ៉ាប់រងជិត៣ភាគ៤ នៃពាក្យស្នើសុំទាំងអស់។ សរុបជារួម អាល្លឺម៉ង់ជាប្រទេស ដែលមានចំនួនជនភៀសខ្លួនច្រើនបំផុតនៅ EU គឺ២.៧លាននាក់៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print