ខេត្តបាត់ដំបង៖ មន្រ្តីជំនាញ និងរដ្ឋបាលស្រុករតនៈមណ្ឌលនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ បានបន្តចុះពិនិត្យ រកឃើញថារោងចក្រផលិតដំណាប់ស្វាយ បៃស៊ីង សេង (ខេមបូឌា) អ៉ិនដាសស្ទ្រី ឯ.ក ដែលស្ថិតនៅជាប់នឹងដងអូរត្រែង និងស្ថិតនៅចំណុចខ្សែទឹកខាងលើទីតាំង ដែលមានត្រីងាប់ ចម្ងាយប្រមាណ ២គីឡូម៉ែត្រ បានបញ្ចេញសំណល់រាវ មិនបានធ្វើប្រព្រឹត្តកម្មត្រឹមត្រូវដោយបានបង្ហូរតាមប្រព័ន្ធលូចេញពីទីតាំងផលិតកម្ម ចូលទៅក្នុងអូរត្រែងដោយផ្ទាល់ (ស្ថិតនៅចំណុចខាងកើតផ្នែកខាងជើងនៃទីតាំងរោងចក្រ)។
ជាក់ស្ដែងក្រសួងជំនាញតម្រូវឱ្យរោងចក្រ៖
១- ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន។
២- ត្រូវធ្វើការបិទលូបង្ហូសំណល់រាវ និងទឹកភ្លៀងទាំងអស់ មិនឱ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង ។
៣- ត្រូវទទួលរងពិន័យអន្តរការណ៍ករណីមិនរាងចាល និងត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងរបស់មន្ត្រីជំនាញ។
ជាមួយគ្នានេះ ក្រសួងជំនាញ នឹងបិទរោងចក្រជាស្ថាពរ ក្នុងករណីមិនគោរពតាមគោលការព៍ខាងលើ ឬប្រព្រឹត្តកំហុសម្តងទៀត៕
ដោយ៖តារា










