ខេត្តកោះកុង÷អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនមេត្តាជ្រាបថា៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានទទួលចាត់ ការសំណុំ រឿងព្រហ្មទណ្ឌលេខ១២៧ ចុះថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០២៦ របស់អយ្យការអមសាលាដំបូងខេត្ត កោះកុង តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ លេខៈ១១៣ អ.យ/២៦ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ សម្រេចចោទប្រកាន់ជនត្រូវចោទឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ (ឃាត់ខ្លួន) ពីបទៈហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃជនរងគ្រោះ បញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៧: ៣០នាទី មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ ទោសដោយសារមរណៈភាពនៃជនរងគ្រោះចំនួន ១ ករណី ដែលបង្កឡើងដោយជនត្រូវចោទឈ្មោះ កៅ ណឹម ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង មូលហេតុបណ្តាលមកពីជនរង គ្រោះ ត្រូវជាប្តីរបស់ជនត្រូវចោទ បានផឹកស៊ីស្រវឹងមក ដល់ផ្ទះ រករឿងជនត្រូវចោទត្រូវជាប្រពន្ធ ឈ្មោះ កៅ ណឹម ក៏មានទំនាស់ពាក្យសម្តី និងឈ្លោះប្រកែកគ្នាពីរនាក់ប្តីប្រពន្ធ ហើយបានប្រតាយប្រតប់គ្នា ព្រមទាំងបាន ច្របាច់កជនត្រូវចោទដែលត្រូវជាប្រពន្ធឈ្មោះ កៅ ណឹម។
បន្ទាប់មកជនរងគ្រោះជាប្តីបានយកដំបងឈើបួនជ្រុងវាយ ទៅលើក្បាលជនត្រូវចោទចំនួន១ដំបង ត្រូវចំខាង ឆ្វេងបែកក្បាលរបួសធ្ងន់ ឃើញបែបនេះជនត្រូវចោទត្រូវជាប្រពន្ធ ទ្រាំមិនបានក៏ដណ្ដើមដំបងឈើនោះពីជនរងគ្រោះត្រូវជាប្តីវិញ ហើយក៏បានវាយទៅលើជនរង គ្រោះ ត្រូវចំក្បាលចំនួន២ដំបង ឈើជ្រុង(របួសធ្ងន់)។
ក្រោយពីបានឃើញជនរងគ្រោះត្រូវជាប្តីរងរបួស ជនត្រូវចោទបានស្រែកហៅគេឱ្យជួយជូនប្តីរបស់ខ្លួនទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ ប៉ុន្តែដោយសារតែជនរង គ្រោះរងរបួសធ្ងន់ធ្ងរពេក បណ្តាលឱ្យដាច់ខ្យល់ស្លាប់ពាក់ណ្តាលផ្លូវ។ បន្ទាប់មកជនត្រូវចោទ ក៏បានដឹកសពជនរងគ្រោះត្រឡប់មកវិញ និងធ្វើបុណ្យតាមប្រពៃណី។
អ្នកនាំពាក្យសាលាដំបូងខេត្តកោះកុងសូមបញ្ជាក់ជូនថា ចៅក្រមស៊ើបសួរបានយកចិត្តទុកដាក់ក្នុងការបំពេញកិច្ចស៊ើបសួរ ទាំងដោះបន្ទុក និងដាក់បន្ទុក ស្របតាមនីតិវិធីច្បាប់ ដោយយោងទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងនានា នៅក្នុងសំណុំរឿងយល់ឃើញថា ជនរង គ្រោះដែលត្រូវជាប្តីរបស់ជនត្រូវចោទជាមុខសញ្ញាប្រើ ប្រាស់សារធាតុញៀន និងជាមនុស្សញៀនស្រាជាប្រចាំ ដោយរាល់ពេលស្រវឹង ជនរងគ្រោះជាប្តីតែងតែរករឿង និងប្រើអំពើហិង្សាទៅលើកូន ប្រពន្ធជា ញឹកញាប់ ថែម ទាំងគំរាមសម្លាប់កូន ប្រពន្ធ ព្រមទាំងមិនឱ្យកូន ប្រពន្ធប្តឹងសមត្ថកិច្ចថែមទៀតផង ។
ម៉្យាងទៀតជនត្រូវចោទ មានរបួសស្នាមដោយសារជនរងគ្រោះជាប្តី ជាអ្នកបង្កឡើងដោយប្រើប្រាស់ដំបងវាយទៅលើជនត្រូវចោទជាប្រពន្ធ។ បន្ថែមពីនេះជនត្រូវចោទមានកូននៅក្នុងបន្ទុករហូតទៅដល់ ៦ នាក់ ដែលសុទ្ធសឹងតែជាអនីតិជនត្រូវការម្តាយដើម្បីចិញ្ចឹមបីបាច់ ថែរក្សាទំនុកបម្រុងមើលថែជាប្រចាំថែមទៀត។
បន្ទាប់ពីបានសួរចម្លើយជនត្រូវចោទ ស្តាប់ចម្លើយសាក្សី និងការពិនិត្យរបាយការណ៍របស់អាជ្ញាធរមូលដ្ឋាន ព្រម ទាំងពិនិត្យភស្តុតាងនានានៅក្នុងសំណុំរឿងខាងលើរួច មក ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកោះកុង បានពិចារណា យល់ឃើញអំពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពសង្គម និងផលលំបាក នៃជីវភាពនៅក្នុងគ្រួសាររបស់ជនត្រូវចោទ ហេតុនេះសម្រេចចេញដីកាសម្រេចមិនឃុំខ្លួនលើជនត្រូវចោទ និងសម្រេចដាក់ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕










