ខេត្តកណ្ដាល៖ បុរសម្នាក់ជាកម្មករស៊ីឈ្នួលនៅស្រះចិញ្ចឹមត្រីមួយកន្លែងនៅភូមិព្រែកក្តាម២ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល បានជួបឧបទ្ទវហេតុធ្លាក់ចូលម៉ាស៊ីនកិនចំណីត្រីបណ្ដាលឲ្យដាច់ក្បាលចេញពីខ្លួន គួរឲ្យអាសូរណាស់។ ហេតុការណ៍បានកើតឡើងកាលពី២២ ខែ មេសា ឆ្នាំ២០២៦។
លោកវរសេនីយ៍ឯក ដូង តេង អធិការនគរបាលស្រុកពញាឮ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ក្រឹម ឡូត អាយុ៥០ឆ្នាំ មុខរបរកម្មករ។
លោកអធិការបន្តថា នៅថ្ងៃកើតហេតុជនរងគ្រោះ ក្រឹម ឡូត និងកម្មករផ្សេងទៀត បាននាំគ្នាលាយចំណីត្រីដាក់ក្នុងម៉ាស៊ីនកិននុយ ក្រោមរោងដែកដាក់ចំណីត្រី។ ពេលកម្មករផ្សេងទៀតបាននាំយករទេះដែកត្រង់នុយចំណីត្រីចេញពី ទុយោដែកចេញម៉ាស៊ីនុយ ដាក់តាមកញ្ចុះស្រះត្រី ពេលកំពុងធ្វើការឈ្មោះក្រឹម ឡូត ជាអ្នកកាន់ម៉ាស៊ីនកិននុយត្រី បានយកស្លាបព្រាដែកឱនខ្លួនលូកចូលទៅគៀអាចម៌នុយឱ្យធ្លាក់ចូលខ្ទះ។ ក្នុងពេលម៉ាស៊ីនកាំបិតកូនុយ កំពុងដំណើរការ បណ្តាលឱ្យកាំបិតកូនុយប៉ះនឹងក្បាលរបស់ឈ្មោះ ក្រឹម ឡូត ដាច់ក្បាលចេញពីខ្លួនចូលទៅក្នុងម៉ាស៊ីនកិននុយត្រី។
ឃើញដូច្នេះកម្មករ បាននាំគ្នាទៅជួយលើកសពរបស់ឈ្មោះ ក្រឹម ឡូត ចេញពីម៉ាស៊ីនកិននុយត្រី និងទូរស័ព្ទប្រាប់ម្ចាស់ស្រះចិញ្ចឹមត្រីឈ្មោះ ឌឹម កែវឡាយ តែម្តង។ ក្រោយមកបានរាយការណ៍ប្រាប់ សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកោះចិន។
សពត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕










