ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ១៤និង៤០នាទី នៅចំណុចចំការស្វាយស្ថិតនៅភូមិតានឹល ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានករណីចោរកម្ម(លួចរថយន្ត) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចរថយន្ត០១ គ្រឿងម៉ាក HYUNDAI MIGHTY ប្រភេទដឹកទំនិញ ពាក់ស្លាកលេខភ្នំពេញ 3D.3275 ពណ៌ខៀវ សេ៊រីឆ្នាំ1999 ដែលជារបស់ឈ្មោះ សុខ សូយ ភេទប្រុស អាយុ៥៥ឆ្នំា ទីលំនៅបច្ចុប្បន្ន ភូមិក្រាំងស្លែង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ស្ពឺ។
ប្រភពបានបន្តថា ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានបន្សល់ទុកម៉ូតូ០១គ្រឿងម៉ាក ស៊ុយហ្ស៊ុយគីនិចពណ៌សខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1FB .4854 ។
ក្រោយពីទទួលបានព័ត៌មាននិងបណ្ដឹង ពីម្ចាស់រថយន្ត កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ រួមជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលត្រពាំងជោរ និងកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍តាសាល បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ រុករក មុខសញ្ញារហូតដល់ចំណុចជើងភ្នំខ្នងផ្សារស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទើបកម្លាំងយើងឃាត់រថយន្តនិងជនសង្ស័យ០១ នាក់ឈ្មោះ វ៉ាន ភាព ភេទប្រុស អាយុ២១ឆ្នំា រស់នៅភូមិឃ្លាំង ឃុំ ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ យកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីធ្វើការសាកសួរ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចរថយន្តខាងលើ ពិតប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងខាងលើសមត្ថកិច្ចបានយកមកអធិការដ្ឋាននគរបាលស្រុកឱរ៉ាល់ ដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










