ចិន៖ និស្សិតស្រីម្នាក់មកពីខេត្តក្វាងទុង ប្រទេសចិនដែលបានធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីចូលរួមពិធីបុណ្យសង្ក្រាន្ត ត្រូវបានគេរាយការណ៍ថា បានធ្លាក់ក្នុងអន្ទាក់បណ្តាញក្រុមឆបោក និងត្រូវបានជួញដូរយកទៅលក់នៅប្រទេសមីយ៉ាន់ម៉ា។ ទោះបីជាគ្រួសាររបស់នាងបានបង់ប្រាក់លោះចំនួន ៣០,០០០ ដុល្លារអាម៉េរិក តាមរយៈរូបិយបណ្ណឌីជីថល (Stablecoins) រួចរាល់ក៏ដោយ ប៉ុន្តែរហូតមកដល់ពេលនេះ ជនរងគ្រោះនៅមិនទាន់ត្រូវបានដោះលែងនៅឡើយទេ ដោយសារក្រុមឧក្រិដ្ឋជនព្យាយាមលើកហេតុផលផ្សេងៗដើម្បីបន្តឃុំខ្លួននាង។
យោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន និស្សិតស្រីរូបនេះមានឈ្មោះថា Xiao Yang ជានិស្សិតឆ្នាំទី១ នៅសាកលវិទ្យាល័យមួយក្នុងខេត្តក្វាងទុង។ នាងបានចាកចេញពីព្រលានយន្តហោះអន្តរជាតិ Guangzhou Baiyun ឆ្ពោះទៅកាន់ប្រទេសថៃកាលពីថ្ងៃទី១០ ខែមេសា ក្នុងគោលបំណងដើរកម្សាន្តរយៈពេលខ្លី និងគ្រោងត្រឡប់មកផ្ទះវិញនៅថ្ងៃទី១៥ ខែមេសា។ ជាអកុសល នៅពេលទៅដល់ថៃ នាងមិនបានជួបមិត្តភក្តិដែលបានអញ្ជើញនាងនោះទេ ផ្ទុយទៅវិញនាងត្រូវបានជនមិនស្គាល់មុខនាំខ្លួនទៅបាត់។ ពីរថ្ងៃក្រោយមក នាងត្រូវបានគេនាំទៅកាន់តំបន់ «ច្រកព្រំដែនចេតិយបី» (Three Pagodas Pass) ក្បែរព្រំដែនភូមា ដែលជាកន្លែងនាងត្រូវបានគេសង្ស័យថាត្រូវបាន «លក់» ទៅឱ្យបណ្តាញក្រុមឧក្រិដ្ឋជន។
នៅថ្ងៃទី១៣ ខែមេសា បុគ្គលម្នាក់ដែលតាំងខ្លួនថាជា «បងប្រុសចិត្តធម៌» បានទាក់ទងទៅឪពុករបស់ Xiao Yang ដោយអះអាងថា រូបគេបាន «ទិញ» កូនស្រីរបស់គាត់ក្នុងតម្លៃ ២៩,០០០ Stablecoins (ប្រហែល ៣០,០០០ ដុល្លារអាម៉េរិក)។ ជននោះបានគំរាមទាមទារប្រាក់លោះចំនួន ៣០,០០០ ដុល្លារជាបន្ទាន់ ដោយព្រមានថា Xiao Yang នឹងត្រូវលក់បន្ត ឬរងគ្រោះថ្នាក់ដល់ជីវិត ប្រសិនបើគ្រួសារប្តឹងប៉ូលីស។ ភ្លាមៗនោះ ឪពុករបស់នាងបានប្រមូលប្រាក់ និងផ្ទេរឱ្យទៅក្រុមឧក្រិដ្ឋជននៅថ្ងៃដដែល។
គួរឱ្យសោកស្ដាយ ការសន្យាដោះលែងបានប្រែជាការបោកប្រាស់លើកទីពីរ។ ក្រុមឧក្រិដ្ឋជនបានពន្យារពេលជាច្រើនលើក ដោយលើកហេតុផលមិនសមរម្យដូចជា ការបិទផ្លូវក្នុងឱកាសបុណ្យសង្ក្រាន្ត និងបញ្ហានីតិវិធីរដ្ឋបាលជាដើម។
គិតត្រឹមថ្ងៃទី២២ ខែមេសា ក្រុមឧក្រិដ្ឋជននោះបានប្រាប់គ្រួសារជនរងគ្រោះថា Xiao Yang នៅតែមិនអាចចាកចេញពីមជ្ឈមណ្ឌលបានឡើយ ទោះបីជាប្រាក់លោះត្រូវបានបង់រួចរាល់ក៏ដោយ។ បច្ចុប្បន្ន និស្សិតស្រីរូបនេះនៅតែអាចរក្សាការទាក់ទងជាមួយគ្រួសារតាមទូរស័ព្ទដៃ ប៉ុន្តែស្ថានភាពសុវត្ថិភាពពិតប្រាកដរបស់នាងនៅតែស្ថិតក្នុងភាពស្រពិចស្រពិល និងគួរឱ្យព្រួយបារម្ភបំផុត៕ដោយ៖តារា
ប្រភព៖ស៉ីស៉ីថាមស៍










