មន្ត្រីចិនមួយរូប ត្រូវបានដកហូតតំណែង ដោយសារតែមានសកម្មភាព ធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ពិសេសគឺពលរដ្ឋរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ខ្យល់ព្យុះ ។ រូបភាពដែលសែងឆ្លងភក់នោះ ត្រូវបានផ្សព្វផ្សាយពេញបណ្តាញសង្គម ធ្វើឲ្យបាត់បង់កេត្តិយសដល់ថ្នាក់ដឹកនាំដទៃទៀត។
ក្រោយខ្យល់ព្យុះ Meranti បក់បោកចូលក្នុងស្រុក Taishun កាលពីថ្ងៃទី១៧ ខែកញ្ញា លោក Bao Xuwei មន្ត្រីអប់រំនៅក្នុងស្រុកបានចុះទៅសួរសុខទុក្ខពលរដ្ឋរងគ្រោះនៅក្នុងខ្យល់ព្យុះខាងលើ ។ ការទៅសួរសុខទុក្ខពលរដ្ឋគឺជារឿងដ៏ប្រសើរ ។ ប៉ុន្តែរូបភាពដែលអង្គរក្សសែងឆ្លងភក់ បានធ្វើឲ្យពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ។
ក្រោយមានការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ ក្រសួងអប់រំបានស្រាវជ្រាវ ហើយក៏សម្រេចដកហូតតំណែងមន្ត្រីខាងលើជាបន្ទាន់ផងដែរ ។ បើទោះបីលោក Bao Xuweiខិតខំបកស្រាយបែកណា ក៏ហួសពេលហើយ ។ ហេតុការណ៍ខាងលើ កើតឡើងតែប៉ុន្មាននាទីប៉ុណ្ណោះ តែជារូបភាពអាក្រក់គេថតបាន នាំមកនូវផលអាក្រក់ដល់លោក Bao Xuwei ។
អ្នកដែលសែងលោក Bao Xuwei បានបញ្ជាក់ថា មិនមែនតែសែងមនុស្សមានអំណាចឡើង គឺមានមនុស្សជាច្រើនទៀត ដែលបានជួយសែងចម្លងភក់ខាងលើ ។ ប៉ុន្តែទោះការខិតខំបកស្រាយយ៉ាងណាក្តី ក៏រឿងរ៉ាវហួសពេលទៅហើយ ។
សារព័ត៌មានថៃ The Nation ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៨ ខែកញ្ញាឆ្នាំ២០១៦ បានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លំាង និងកម្លំាងខ្យល់បោកបក់១៧០គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារភាគខាងកើតខេត្ត ហ្វូជៀនកាលពីចុងសប្តាហ៍នេះ បណ្តាលឲ្យទឹកលិចផ្លូវ រលំដើមឈើទំាងឫស បាក់ផ្ទំាងប៉ាណូនិង និងរលំបង្គោលអគ្គិសនីជាដើម។
បើតាមមន្រ្តីចិនបាននិយាយថា ព្យុះនេះគឺជាព្យុះដែលខ្លំាងជាងគេមួយ វាយប្រហារប្រទេសចិនឆ្នាំនេះ ចាប់តំាងពីឆ្នាំ១៩៤៩មក។ មនុស្សចំនួន ១៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈពេលដែលប្រព័ន្ធដឹកជញ្ជូន និងការផ្គត់ផ្គង់អគ្គិសនីនៅតែបន្តរអាក់រអួលនៅឡើយ។ មន្រ្តីចិនបន្ថែមថា ក្រុមការងារច្រើនជាង ១០.០០០នាក់ បាននាំគ្នាបោសសំអាតកំទេចកំទី នៅតាមផ្លូវ ខណៈដែលមានដើមឈើច្រើនជាង៣.០០០ដើម ត្រូវសណ្តកទំាងឫស ហើយផ្លូវថ្នល់ក៏ត្រូវព្យុះបំផ្លាញ់ផងដែរ៕
ប្រែសម្រួល៖ ម៉ែវ សាធី