ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦នេះថា យោងតាមបញ្ជាដឹកនាំរបស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ថ.ធ ភេទស្រី ពាក់ព័ន្ធនឹងករណីឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពជនអនាមិកលួចចូលគ្រប់គ្រងគណនីតេឡេក្រាម និងបន្លំគណនីធនាគាររបស់ដៃគូសហការរកស៊ី ឆបោកជនរងគ្រោះអោយផ្ទេរប្រាក់ តាមប្រព័ន្ធធនាគារ។
តាមការស្រាវជ្រាវ ជំនាញកំណត់បានថា ជនសង្ស័យបានបម្រើការងារនៅក្នុងទីតាំងឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) និងបានផ្តល់គណនីធនាគារ និងលេខទូរស័ព្ទរបស់ខ្លួនឱ្យទៅក្រុមជនល្មើស ដើម្បីធ្វើជាមធ្យោបាយប្រព្រឹត្តបទល្មើសឆបោកខាងលើ បន្ថែមពីនេះ ជនសង្ស័យបានជួយដកសាច់ប្រាក់ដែលបានមកពីអំពើឆបោកប្រគល់ឱ្យទៅបក្សពួក ជាថ្នូរនឹងការទទួលបានប្រាក់កម្រៃជើងសារ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។
នាយកដ្ឋាន សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងដាច់ខាតនូវការផ្តល់ ឬជួលគណនីធនាគារ លេខទូរស័ព្ទ និងឯកសារអត្តសញ្ញាណផ្ទាល់ខ្លួនឱ្យអ្នកដទៃប្រើប្រាស់ ដែលអាចប្រឈមនឹងហនិភ័យផ្សេងៗ និងឈានដល់ការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីមានបទល្មើសកើតឡើង៕
ដោយ៖តារា










