ភ្នំពេញ៖ ក្រោយពីមានភាពអសកម្មក្នុងរដូវកាលទី៣ដែលទើបបានបញ្ចប់កាលពីល្ងាចថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០១៦កន្លងថ្មីៗនេះលោក ស្រឺុ ស្រេង ហៅសំណព្វ តំណាង ស្ថានីយទូរទស្សន៍ភីអិនអិនបានអះអាងថា “កម្មវិធីសមរភូមិអ្នកប្រយុទ្ធ” រដូវកាលទី៤បានរៀបចំរូបមន្តប្រកួតវិលជុំសន្សំពិន្ទុដោយមិនឲ្យកីឡាករកម្ពុជាត្រូវវិលមកជួបប្រកួតគ្នានៅវគ្គផ្តាច់ព្រ័ត្រដូចរដូវកាលទី៣នោះទេ ។
លោក សំណព្វ បានឲ្យដឹងថា នេះគឺជា បទពិសាធន៍អ្វីដែលល្អយើងរក្សាធ្វើវាបន្ត ហើយអ្វីដែលមិនល្អយើងត្រូវបោះវាចោល ដូច្នេះការប្រកួតសមរភូមិអ្នកប្រយុទ្ធរដូវ កាលថ្មីដែលមានសមាសភាពកីឡាករ កម្ពុជា៤នាក់ និងកីឡាករថៃ៤នឹងចាប់ផ្តើម ប្រកួតពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦តទៅ ក្នុងប្រភេទទម្ងន់៧៥គីឡូក្រាមរយៈពេល១២សប្តាហ៍ ។
លោក សំណព្វ បានសម្តែងការសោកស្តាយចំពោះអ្វីដែលកើតមានឡើងនៅក្នុង “កម្មវិធីសមរភូមិអ្នកប្រយុទ្ធ” ខាងលើនេះ បណ្តាលមកពីមានឧបទ្ទវហេតុលើកីឡាករថៃទាំង២នាក់បណ្តាលឲ្យគ្រូពេទ្យនៅ ប្រទេសគេមិនអនុញ្ញាតឲ្យឡើងសង្វៀន រយៈពេល៣ខែ ។ ដូច្នេះហើយ តំណាង ស្ថានីយទូរទស្សន៍តំណាងសហព័ន្ធកីឡា ប្រដាល់កម្ពុជាតំណាងម្ចាស់ឧបត្ថម្ភ និង តំណាងភាគីកីឡាករថៃបានឯកភាពគ្នា យកកីឡាករកម្ពុជា ដូចគ្នាប្រកួតផ្តាច់ព្រ័ត្រ ដោយសំអាងថា មិនអាចរកកីឡាករណា មកជំនួសបានឡើយ ។ ទន្ទឹមនឹងភាព អសកម្មខាងលើនេះដែរ កម្មវិធីប្រដាល់ របស់ទូរទស្សន៍ភីអិនអិនបានរៀបចំរដូវកាលថ្មីមួយទៀតគឺកីឡាករកម្ពុជា៤នាក់ និង កីឡាករថៃ៤នាក់ប៉ុន្តែមិនតម្រូវឲ្យកីឡាករខ្មែរប៉ះជាមួយខែ្មរឬក៏កីឡាករថៃប៉ះជា មួយថៃដូចគ្នានោះទេ ។ ចំពោះសមាស ភាពកីឡាករកម្ពុជា៤នាក់មានដូចជាកីឡាករ អ៊ុង វីរៈ កីឡាករ ព្រំ សំណាង កីឡាករ សុខ ទូច និងកីឡាករ មាស ភារម្យ។ ចំណែក អ្នកប្រដាល់ថៃទាំង៤នាក់ ទី១-កីឡាករ ឌីសេសលេក ថបឃីងបុកសីុង, ទី២-កីឡា ករ កាំឡាយផេត ថ.ផ្រានយីស៊ីបហុក, ទី៣-កីឡាករតងចេ ឆ.ឆាណាឆីប និងទី៤-កីឡាករ ណាក់រ៉បដាំ ស៊ីតចាណយ ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់ ដែលប្រសិទ្ធនាមថា “កម្មវិធីសមរភូមិអ្នក ប្រយុទ្ធ” រដូវកាលទី៣ចំណាត់ថ្នាក់លេខ១បានទៅលើកីឡាករ ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្តកីឡាក្រោយពីវាយឈ្នះកីឡាករ ពេជ្រ សីហា មកពីក្លិបក្រសួង ការពារជាតិ ដោយពិន្ទុ។ ក្នុងនោះចំណាត់ថ្នាក់លេខ១ទទួលបានប្រាក់រង្វាន់ចំនួន២០លានរៀលអមជាមួយពាន១ ខ្សែក្រវាត់ មួយ។ លេខ២ទទួលបាន១០លានរៀល និងពាន១ផងដែរ ៕
ដោយ៖ សារីម