ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម បានសម្រេចចុះបញ្ជីជាផ្លូវការនូវផលិតផលសក្តានុពលចំនួន ៤ មុខបន្ថែមទៀតដូចជា សូត្រមាសភ្នំស្រុក ក្តាមថ្មកោះកុង ស្វាយចន្ទីកំពង់ធំ និងស្វាយឧត្តរមានជ័យ ជា«ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (Geographical Indication – GI) » ដែលជាជំហានសំខាន់ក្នុងការជំរុញ ព្រមទាំងលើកកម្ពស់កេរ្តិ៍ឈ្មោះនិងអត្តសញ្ញាណផលិតផលខ្មែរលើឆាកអន្តរជាតិ ការពារសិទ្ធិកម្មសិទ្ធិបញ្ញារបស់សហគមន៍ផលិតករ និងបង្កើនសក្តានុពលសម្រាប់ការចុះបញ្ជីនៅទីផ្សារអន្តរជាតិនាពេលអនាគត។
បើតាមក្រសួងពាណិជ្ជកម្ម ផលិតផលទាំង ៤ រួមមាន៖ ១. សូត្រមាសភ្នំស្រុក (Phnom Srok Golden Silk)៖ ផលិតផលសិប្បកម្មត្បាញដោយដៃ មានសរសៃសូត្រល្អ ណែន ភ្លឺរលោង និងប្រើពណ៌ធម្មជាតិ ពីដំណើរការផលិតដែលគ្មានសារធាតុគីមី។ ២. ក្តាមថ្មកោះកុង (Koh Kong Mud Crab)៖ ក្តាមទឹកប្រៃពីតំបន់ព្រៃកោងកាង មានសាច់ណែន ស្វិត និងរសជាតិផ្អែមឆ្ងាញ់ពិសេស។ ៣. ស្វាយចន្ទីកំពង់ធំ (Kampong Thom Cashew Nut)៖ គ្រាប់ធំ សាច់ពេញ ស្រួយ ក្លិនឈ្ងុយបានយូរ និងមានរសជាតិឈ្ងុយបែបប៊ឺ ឬទឹកដោះគោ ដែលមានគុណភាពខ្ពស់។ ៤. ស្វាយឧត្តរមានជ័យ (Oddar Meanchey Mango)៖ ស្វាយមានសាច់ណែន ស្រួយ មានទឹកដម និងរសជាតិជូរអែមឆ្ងាញ់ អាចកែច្នៃបានច្រើនប្រភេទ។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា ផលិតផលទាំងនេះ ត្រូវបានផលិត និងប្រមូលផលនៅតំបន់ភូមិសាស្ត្រជាក់លាក់ ដែលមានលក្ខខណ្ឌធម្មជាតិ និងបច្ចេកទេសផលិតជាក់លាក់ បង្កើតឱ្យមានអត្តសញ្ញាណ និងគុណភាពពិសេស ហើយមានសក្តានុពលក្នុងការទទួលស្គាល់ និងការពារនៅលើទីផ្សារអន្តរជាតិ។
គួរបញ្ជាក់ថា តាមរយៈការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដូចចជា ការការពារផ្លូវច្បាប់ សំដោះលើការទប់ស្កាត់ការក្លែងបន្លំ និងធានាប្រើប្រាស់ឈ្មោះផលិតផលត្រឹមត្រូវតាមតំបន់ភូមិសាស្ត្រ, ថែរក្សាវប្បធម៌ និងប្រពៃណី សំដៅដល់ការរក្សាទុកចំណេះដឹង និងវិធីសាស្ត្រផលិតតាមសហគមន៍, លើកកម្ពស់ទេសចរណ៍ និងបរិស្ថាន សំដៅដល់ជំរុញទេសចរណ៍តាមតំបន់ផលិត និងគាំពារការផលិតស្របតាមបរិស្ថានធម្មជាតិ, ការបង្កើនតម្លៃទីផ្សារ និងនាំចេញ សំដៅដល់បង្កើនតម្លៃផលិតផល និងពង្រីកសក្តានុពលប្រកួតប្រជែងលើទីផ្សារអន្តរជាតិ, និងបង្កើនសក្តានុពលចុះបញ្ជីអន្តរជាតិ សំដៅដល់ការជួយបើកផ្លូវសម្រាប់ការទទួលស្គាល់ GI នៅក្រៅប្រទេស និងការពារផលិតផលខ្មែរ នៅលើទីផ្សារសកល៕ដោយ៖តារា










